ដោយ៖ វិចិត្រ
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ៖ ស្នងការនគរបាលខេត្តកំពង់ធំ ដែលត្រូវប្រកាសចូលកាន់តំណែងនោះ គឺលោកឧត្តមសេនីយ៍ត្រី ហេង សុផល ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវទទួលភារកិច្ចថ្មី។លោកឧត្តមសេនីយ៍ត្រី ហេង សុផល មុនចូលកាន់តំណែងនេះ អតីតកាន់តួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ទទួលផែនសន្ដិសុខ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ ម៉ែន លី ត្រូវបានផ្ទេរភារកិច្ចទៅកាន់តំណែងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ហើយពិធីប្រកាសជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤៕