សន្ដិសុខសង្គម

អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញយន្តហោះយោធាដែលធ្លាក់នៅខេត្តពោធិ៍សាត់

ដោយ៖ តារា

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចបានរកឃើញឧទ្ធម្ភាចក្រយោធាដែលធ្លាក់នៅជួរភ្នំក្រវាញកាលពី១៧ថ្ងៃមុន។នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាម Fresh News ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។ប្រតិបត្តិការរុករកត្រូវបានធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ។ គិតមកដល់ថ្ងៃរកឃើញនេះ គឺមានរយៈពេល១៧ថ្ងៃហើយ គិតចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយរួមមាន៖ កងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ តាមជ្រោះជ្រលងភ្នំជាដើម៕