សន្ដិសុខសង្គម

បង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយវត្ថុតាងគ្រឿងញៀនជាង ១គីឡូក្រាមក្នុងខេត្តបាត់ដំបង។

កម្លាំងអាវុធហត្ថជំនាញបានបញ្ជាក់ឲ្យដឹងថា÷ ក្រោយការអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅវេលាម៉ោងជិត ១២រំលងអធ្រាត្រ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤ ឋិតត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងសម្ងាត់មូលដ្ឋានបានបង្ក្រាបករណីជួញដូរសារធាតុញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះចាន់ កុសល ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាងល្មើសដែលដកហូតបានរួមមាន÷ ម្សៅក្រាមពណ៌សថ្លា ហៅម៉ាទឹកកកចំនួន ០១កញ្ចប់ធំ ទម្ងន់ ១០១១.១៧ ក្រាម, ម៉ូតូ ០១គ្រឿង, ទូរសព្ទ ០១គ្រឿងផងដែរ។

ចំពោះ មុខជនសង្ស័យ ក៏ដូចជាវត្ថុតាងត្រូវបានអាវុធហត្ថមូលដ្ឋានស្រុកកំរៀងកសាងសំណុំបែបបទរួចបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕