អន្តរជាតិ

មនុស្សរាប់ពាន់នាក់គោរពវិញ្ញាណក្ខន្ធមេដឹកនាំវៀតណាមនៅមុនបញ្ចុះសពរបស់គាត់

ប្រែសម្រួល៖សហការី

ហាណូយ៖ កាលពីថ្ងៃសុក្រ ទី២៦ កក្កដា មនុស្សរាប់ពាន់នាក់មកពីទូទាំងប្រទេសវៀតណា ដើម្បីគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតដែលបានកាន់កាប់អំណាចអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។

លោក Nguyen Phu Trong បុរសអាយុ ៨០ ឆ្នាំដែលបានស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងរដ្ឋធានីហាណូយកាលពីសប្តាហ៍មុនបានដឹកនាំគណបក្សតាំងពីឆ្នាំ ២០១១ ហើយបានមើលការខុសត្រូវខ្ពស់ក្នុងការប្រឆាំងអំពើពុករលួយដែលបានវាយលុកពាសពេញបក្សកងកម្លាំងប៉ូលិស កងកម្លាំងប្រដាប់អាវុធ និងក្រុមអាជីវករ។

គេសង្កេតឃើញមានមនុស្សពាក់អាវខ្មៅរាប់ពាន់នាក់បានឈរតម្រង់ជួរនៅក្នុងទីក្រុងហាណូយដើម្បីមើលមុខមេដឹកនាំរបស់ខ្លួននៅមុនពេលបញ្ចុះសពរបស់គាត់នៅទីបញ្ចុះសព Mai Dich ដែលជាកន្លែងសម្រាកចុងក្រោយសម្រាប់មេដឹកនាំជាន់ខ្ពស់ជាច្រើននៅក្នុងប្រទេសវៀតណាមនៅវេលាម៉ោង ៣ រសៀល កាលពីថ្ងៃសុក្រ។

Tran Hoang Nguyet Mai បានប្រាប់អ្នកយកព័ត៌មាន AFP កាលពីថ្ងៃសុក្រថា “ខ្ញុំបានចំណាយពេលជាងបួនម៉ោងដើម្បីមកតម្រង់ជួរកាលពីយប់មិញ” ។គាត់បាននិយាយថា៖ “សំណាងល្អដែលខ្ញុំបានចូលទៅក្នុងមុនដើម្បីនិយាយលាមេដឹកនាំដែលខ្ញុំពិតជាគោរពគាត់ខ្លាំងណាស់។

“គាត់ជាមេដឹកនាំបក្សកុម្មុយនិស្តពិតៗដែលគេគិតថាគ្មានគិតផលប្រយោជន៍សម្រាប់ខ្លួនឯង និងគ្រួសាររបស់គាត់”។

អាជ្ញាធរបាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ចាប់តាំងពីថ្ងៃព្រហស្បតិ៍ មនុស្សចំនួន ២១០០០០ នាក់បានទៅគោរពវិញ្ញាណក្ខន្ធលោក Trong នៅទីក្រុងហាណូយ ភាគខាងត្បូងទីក្រុងហូជីមិញ និងភូមិរបស់គាត់នៅជាយរដ្ឋធានី។

ទង់ជាតិទាំងអស់នៅទូទាំងប្រទេសបានបង្ហូតពាក់កណ្ដាលខណៈដែលព្រឹត្តិការណ៍កម្សាន្ត និងកីឡាត្រូវបានផ្អាកក្នុងអំឡុងពេលកាន់ទុក្ខនេះ។

សុខភាពមិនល្អរបស់លោក Trong បានជំរុញឲ្យគាត់មានការរំពឹងទុកថាលោកនឹងមិនអាចបន្តកាន់អំណាចរហូតដល់សមាជបក្សឆ្នាំ ២០២៦នោះទេ ។

លោក Trong ត្រូវបានប្រធានាធិបតីអាមេរិក Joe Biden សរសើរនៅមុននេះថាជា “អ្នកពូកែធ្វើទំនាក់ទំនងស៊ីជម្រៅ” រវាងវៀតណាម និងអាមេរិក ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសាទរមេដឹកនាំវៀតណាមថាជា “មិត្តដែកថែបដ៏ពិតៗរបស់រុស្ស៊ី”៕

ប្រភព៖ AFP/lh