ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកអភិបាលរងខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារបច្ចេកទេសមន្ទីរ អាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមដងស្ទឹងស្ថានីយផលិតទឹកស្អាត និងដំណើរការនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ(IDFMP) ។
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងក្រុមការងារបច្ចេកទេសមន្ទីរ ក្រុមប្រឹក្សាស្រុក ក្រុង ឃុំ សង្កាត់ លោកមេភូមិ បានអញ្ជើញចុះពិនិត្យលើការងារ÷
១-ស្ថានភាពទឹកនៅក្នុងស្ទឹងមង្គលបូរី នៅចំណុចប្រព័ន្ធធារាសាស្ត្រពោធិ៍ពីរដើម។
២-ស្ថានីយបូមទឹកដើម្បីផលិតទឹកស្អាត សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្រុកមង្គលបូរី។
៣-ស្ថានីយបូមទឹកដើម្បីផលិតទឹកស្អាត សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងក្រុងសិរីសោភ័ណ។
៤-ការអនុវត្តការងារគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ(IDFMP)។
គម្រោងទាំង៣កន្លែង គឺអាងទឹកវាំងហែងស្ថិតនៅឃុំទួលពង្រស្រុកម៉ាឡៃ , អាងទឹកពង្រនៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតនិងអាងទឺកកន្សែងនៅឃុំសឹង្ហស្រុកអូរជ្រៅ។
គម្រោងទាំង៣ អនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម សាងសង់ដោយក្រុមហ៊ុនគុមហូ(KUMHO) កូរ៉េ-ខាងត្បូងនិងក្រោមឥណទានធនាគារអាហរណ នីហរ័ណកូរ៉េ តាមរយ:ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទឹកប្រាក់រាប់រយលានដុល្លារសហរដ្ឋអាមេរិក ព្រមទាំងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបោសសម្អាតមីននិងយុទ្ធភណ្ឌសង្គ្រាមនិងសំណងផលប៉ះពាល់ ។
លោកអ៊ុ រាត្រី លោកយឹម ប៊ុនរ៉ុម និងមន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញ បានធ្វើការសន្និដ្ឋាន÷
១-តាមការពិនិត្យជាក់ស្តែង ចំពោះការប្រើប្រាស់ទឹកស្អាត ទូទាំងខេត្តបន្ទាយមានជ័យ មិនទាន់មានបញ្ហាប្រឈមនៅឡើយទេ។
២-ការអនវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយ(គម្រោងកូរ៉េ) នៅតែបន្តសកម្មភាពយ៉ាងមមាញឹក ក្នុងការជួសជុល និងសាងសង់ប្រព័ន្ធធារាសាស្រ្ត និងសំណង់សិល្បការតូច ធំនានា។
សូមរំលឹកដែរថា ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០២៤ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ សហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក បានបើកទ្វារទឹកពីសំណង់ពោធិ៍ពីរដើម ដើម្បីបង្ហូរទឹកជួយដល់ស្រុកមង្គលបូរី ដែលខ្វះខាតទឹកប្រើប្រាស់។
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ សហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក បានបើកទ្វារទឹកពីសំណង់ពោធិ៍ពីរដើម ដើម្បីបង្ហូរទឹកជួយដល់ស្រុកមង្គលបូរីបានទាន់ពេលវេលា ដែលខ្វះខាតទឹកប្រើប្រាស់ ៕