ដោយ៖ សុខុម
ភ្នំពេញ៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែកក្កដា២០២៤នេះ បានបង្ហាញអំពីប្រតិបត្តិការបង្រ្កាបបានករណីជួញដូរគ្រឿងញៀនឆ្លងដែនឃាត់ខ្លួនជនជាតិចិនចំនួនពីរនាក់និងរឹបអូសគ្រឿងញៀនទម្ងន់ជាង២០០គីឡូក្រាម។
សមត្ថកិច្ចបានឲ្យ Cambodia Flash News (CFN) ដឹងថា៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំនិងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។សមត្ថកិច្ចពន្លាតដែនដីមករាជធានីភ្នំពេញ រហូតចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញបន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្លាំងជំនាញចាប់ខ្លួនជនល្មើសចំនួន ០២នាក់រួមមាន៖ ១-ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ, ២-ឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ។
វត្ថុតាង និងសម្ភារចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០.៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម), រថយន្តចំនួន ០២គ្រឿង និងទូរសព្ទដៃចំនួន ០២គ្រឿង។
នៅពេលនេះជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕