អន្តរជាតិ

ស្លាប់២នាក់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះធុនតូចក្នុងអំឡុងពេលហោះហើរនៅអាកាសយានដ្ឋាន MacArthur នៅលើកោះឡុងសហរដ្ឋអាមេរិក

ប្រែសម្រួល៖  ស-សម្បត្តិ

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងអ្នកនាំពាក្យអាកាសយានដ្ឋានបានឲ្យដឹងថា មានមនុស្សពីរនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនៅអាកាសយានដ្ឋាន MacArthur ក្នុងតំបន់កោះ Long កាលពីល្ងាចថ្ងៃចន្ទ។


យន្តហោះប្រភេទ Beechcraft Bonanza A36 ដែលមានម៉ាស៊ីនតែមួយ កំពុងហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុង Ronkonkoma នៅមុនពេលដែលវាធ្លាក់នៅចុងផ្លូវរត់ Runway ទី ៦ ក្នុងវេលាម៉ោងប្រហែល ៦:១៥ ល្ងាច នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងអ្នកនាំពាក្យអាកាសយានដ្ឋាន។

អ្នកនាំពាក្យបាននិយាយថា យន្តហោះបានរងការខូចខាត ហើយក្រុមសង្គ្រោះបន្ទាន់នៅអាកាសយានដ្ឋានបានឆ្លើយតបភ្លាមៗ ដើម្បីជួយសង្គ្រោះមនុស្សពីរនាក់នៅលើយន្តហោះ។

យោងតាមរូបថតបានបង្ហាញឲ្យឃើញនូវបំណែកយន្តហោះមានពណ៌សតូចហើយទំនងជាត្រូវបានដាច់ចេញពីគ្នានៅជិតច្រមុះខាងមុខនៃតួយន្តហោះក្រោយពីបានធ្លាក់នៅក្នុងតំបន់វាលស្មៅ។

តំណាងអាកាសយានដ្ឋាន MacArthur បានថ្លែងថា FAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិនឹងស៊ើបអង្កេតអំពីមូលហេតុដែលបណ្តាលឲ្យស្លាប់មនុស្សពីរនាក់រួមទាំងឧប្បត្តិហេតុធ្លាក់យន្តហោះធុនតូចនៅអាកាសយានដ្ឋាន MacArthur ។

ទីភ្នាក់ងារប៉ូលីសប្រចាំខោនធី Suffolk នៅមិនទាន់មានព័ត៌មានលម្អិតភ្លាមៗអំពីគ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនេះនៅឡើយទេ៕