ដោយ : បន្ទាយ
ភ្នំពេញ : កាលពីថ្មីៗនេះមានករណីប៉ុនប៉ងឃាត.កម្មគិតទុកជាមុនបង្កឡើងដោយជនសង្ស័យម្នាក់បានធ្វើយកកាំបិតចុង.ស្រួចចា.ក់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅស្ថានីយប្រេងឥន្ធនៈ ភី ធី ធី ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ថា: បន្ទាប់ពីទទួលបានបណ្តឹងរបស់ប្រពន្ធជនរងគ្រោះ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីខាងលើ បន្ទាប់មកកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោនិងអ្នកពាក់ព័ន្ធ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ អ៊ុង វណ្ណា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ដោយមូលហេតុកាលពីអំឡុងឆ្នាំ២០២១ ខ្លួនបានចូលធ្វើការជាសន្តិសុខនៅស្ថានីយប្រេងឥន្ធនៈខាងលើ អស់រយៈពេលជិត០៣ឆ្នាំ មកហើយ។ ក្រោយមកជនរងគ្រោះក៏បានចូលធ្វើការជាមួយខ្លួនដែរ និងបានប្រចាំការជាមួយគ្នា ដោយជនរងគ្រោះយាមខាងមុខ ចំណែកខ្លួនយាមខាងក្រោយ។
លុះពេលធ្វើការជាមួយគ្នាយូរៗទៅ ក៏មានបញ្ហាជាមួយគ្នា បង្កើតបានជាជម្លោះជារឿយៗ និងធ្លាប់ឈ្លោះប្រកែកទាស់ទែងរហូតប្រើអំពើហិង្សាទៅលើគ្នាទៅវិញទៅមក បង្កឲ្យមានរបួសស្នាមផងដែរ។
ក្រោយមកជនរងគ្រោះក៏បានប្តឹងទៅថៅកែការ៉ាស់សាំង ហើយថៅកែបានហៅពួកខ្លួនទាំងពីរនាក់មកសួរនាំហេតុផល បន្ទាប់ពីសួរនាំរួច គាត់បានណែនាំខ្លួនចំនួន០២ទៅ០៣លើក ។ប៉ុន្តែខ្លួនមិនបានធ្វើនិងស្តាប់តាមការណែនាំរបស់ថៅកែទេ។ ហេតុផលទាំងអស់នេះហើយទើបថៅកែសម្រេចចិត្តបញ្ឈប់ខ្លួនពីការងារសន្តិសុខក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ ធ្វើឲ្យខ្លួនមានគំនិតគុំកួនស្អប់ទៅលើជនរងគ្រោះចាប់ពីពេលនោះមក និងបានគិតក្នុងចិត្តថា ថ្ងៃណាមួយនឹងរៀបគម្រោងសម្លា.ប់ជនរងគ្រោះ។
លុះដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១២និង៣០នាទី ខ្លួនបានជិះម៉ូតូមកកន្លែងកើតហេតុ ដោយមានកាំបិតចុងស្រួចសៀតនឹងចង្កេះខោ សំដៅទៅទីតាំងជនរងគ្រោះធ្វើការ។ពេលទៅដល់ក៏ឃើញជនរងគ្រោះកំពុងថយឡាន ក៏ដកកាំបិតពីចង្កេះចាក់ទៅលើជនរងគ្រោះត្រូវចំក្បាលពោះបណ្តាលឲ្យជាប់កាំបិតរងរបួសធ្ងន់។
បន្ទាប់ពីធ្វើសកម្មភាពរួច ខ្លួនព្យាយាមរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចអាវុធហត្ថចុះអន្តរាគមន៍ រួមជាមួយបុគ្គលិកការ៉ាស់សាំងចាប់ខ្លួនបាននៅក្រោយមក ។
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕