ដោយ៖ កំចាយ
កំពត÷ អាជ្ញាធរខេត្តកំពត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានដាំដើមត្នោតចំនួន៤.៥០០ដើមបន្ថែមទៀតនៅក្បែរខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច។ នេះជាលើកទី៣ ខណ:ដែលការដាំ២លើកដំបូងបានចំនួន១២.៥០០០រួចមកហើយ។ ភ្ជាប់ជាមួយរុក្ខទិវា ៩ កក្កដា ការដាំដើមត្នោតគឺក្នុងបំណងបំផុសស្មារតីប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយឲ្យស្រលាញ់ព្រៃឈើ ពិសេសរុក្ខជាតិត្នោតដែលជាកេរដំណែលដូនតាខ្មែរ។
ថ្លែងក្នុងពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការដាំកូនឈើ និងដើមត្នោតនៅអមសងខាងផ្លូវខ្សែក្រវាត់ព្រំដែនគឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឲ្យយុវជនជំនាន់ក្រោយចេះស្រលាញ់ព្រៃឈើ និងដើមត្នោត។ ការដាំដើមត្នោតពិតជាមានតម្លៃឥតគណនា ព្រោះត្នោតផ្តល់ប្រយោជន៍យ៉ាងសំខាន់ ពិសេសដើមត្នោតជាអត្តសញ្ញាណជាតិខ្មែរតាំងពីបរមបុរាណមក។ លោកអភិបាលខេត្តបានផ្ដាំផ្ញើថា មន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋដើម្បីបន្តដាំកូនត្នោត ក៏ដូចជាកូនឈើផ្សេងៗនាឆ្នាំបន្តបន្ទាប់នៅគ្រប់ផ្លូវតាមខ្សែក្រវាត់ព្រំដែនសម្រាប់លម្អសោភ័ណភាព និងទុកជាប្រវត្តិសាស្រ្ត។ ដោយឡែក អាជ្ញាធរក្រុង ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិដោយបន្តរៀបចំ និងពង្រឹងសហគមន៍ព្រៃឈើ យកចិត្តទុកដាក់ទប់ស្កាត់រាល់សកម្មភាពបំផ្លាញព្រៃ ដូចជា ការកាប់ឈើ និងការរុករាន ដុត ឈូសឆាយហ៊ុមព័ទ្ធយកដីព្រៃ ភ្នំ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។
លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា ផ្អែកតាមការណែនាំរបស់លោកអភិបាលខេត្ត មន្ទីរកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើបានបណ្តុះគ្រាប់ត្នោតទុកចែកជូនប្រជាកសិកររស់នៅតាមព្រំដែន កម្ពុជា-វៀតណាមពី៤ដើមទៅ៥ដើមក្នុង១គ្រួសារដើម្បីបានដាំបំណងរក្សាទុកជាប្រវតិ្តសាស្រ្ត និងឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។ លោកប្រធានមន្ទីរបានបន្តថា ការដាំដើមត្នោតអមសងខាងផ្លូវខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាមបានធ្វើឡើង២លើករួចមកហើយ។ ក្នុងនោះ លើកទី១កាលពីឆ្នាំ២០២២ ដោយដាំបានចំនួន៥.០០០ដើម និង លើកទី២ក្នុងឆ្នាំ២០២៣ ដាំបាន៧.៥០០ដើម។ ចំណែកលើកទី៣នេះ គឺដាំកូនត្នោតចំនួន៤.៥០០ដើមនៅអមសងខាងផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង ៣គីឡូម៉ែត្រស្ថិតក្នុងភូមិកោះចម្ការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច៕