ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ក្រោមកិច្ចអន្តរាគមន៍ពីលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រីនិងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មកទល់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៤ ស្ថានភាពផ្លូវទំនប់អូរខៃដន(ក្បាលផ្លូវខេត្តលេខ១៥៩ដេយាង ក្រុងប៉ោយប៉ែត-ខ្លាងាប់ ម៉ាឡៃ) ដែលគិតត្រឹមចម្ងាយតភ្ជាប់ពីផ្លូវជាតិលេខ៥មកវត្តរតនារាមអូរខៃដន មានប្រវែង៣.៥០០ម៉ែត្រត្រូវបានគ្រឿងចក្រនៃក្រុមការងារជួសជុល សម្រួលចរាចរណ៍ ។
មន្ត្រីសាលាក្រុងប៉ោយប៉ែតឲ្យដឹងនៅថ្ងៃទី២២ខែកក្កដាថា: ពេលនេះ ក្រុមការងារបានដាក់គ្រឿងចក្រធ្វើយ៉ាងសស្រោកសស្រាំហើយដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃសិស្សានុសិស្សងាយស្រួលក្នុងការធ្វើដំណើរនៅរដូវវស្សានេះ ។
សូមរំលឹកថា ក្រោយពីរការចុះពិនិត្យលើកំណាត់ផ្លូវមួយខ្សែស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១៩ខែកក្កដា ឃើញថា ការធ្វើដំណើរលំបាកខ្លាំងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងអ្នកដំណើរទូទៅ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោកយ៉ាង គឹមហ៊ុយ ទីប្រឹក្សាសម្តេចតេជោហ៊ុន សែន លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំមន្ត្រីសមត្ថកិច្ច និងក្រុមហ៊ុនអានកូ នាំយកគ្រឿងចក្រចុះឈូសឆាយ សម្រួលចរាចរណ៍ដោយថ្មមិចជាបន្ទាន់នៅលើផ្លូវខ្នងអាងទំនប់អូរខៃដនក្នុងភូមិសាស្ត្រខាងលើ។
បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ ព្រះសង្ឃនិងអ្នកទទួលផលពាក់ព័ន្ធបានសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនដល់មន្ត្រីថ្នាក់ដឹកនាំ ក្រុមការងារ សប្បុរសជនដែលបានឆ្លើយតបសំណូមពរ ក៏ដូចជាដោះស្រាយទុក្ខលំបាកលើការធ្វើដំណើរនេះបានទាន់ពេលវេលា ៕