ដោយ : បន្ទាយ
បន្ទាយមានជ័យ : ការរកមិនឃើញឧទ្ធម្ភាគចក្រនិងមនុស្សដែលបាត់ការទាក់ទង ហើយសង្ស័យថាធ្លាក់នៅតំបន់ជួរភ្នំក្រវាញភូមិសាស្រ្តស្រុកវាលវែងខេត្តពោធិ៍សាត់ មកពីបញ្ហាអាកាសធាតុដែលបង្កការលំបាកខ្លាំងដល់កងកម្លាំងបំពេញបេសកកម្ម ។
នេះបើតាមលោកទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់សារព័ត៌មានកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ចំខួប៧ថ្ងៃនៃបេសកកម្ម។
លោកទេសរដ្ឋមន្ត្រីឱ្យដឹងបន្តថា៖ ប្រតិបត្តិការរុករកមានការលំបាកប្រចាំថ្ងៃ ដោយសារតែបញ្ហាធាតុអាកាស ភ្លៀងធ្លាក់ជាប់ ចុះអ័ព្ទ តាមផ្លូវអាកាសមិនអាចធ្វើសកម្មភាពបាន ធ្វើដំណើរក៏មិនបាន ។បងប្អូនកងទ័ពខិតខំណាស់ តែនៅតែរកមិនឃើញ ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់តាំងអគ្គលេខាធិការ ដឹកនាំកម្លាំងដើម្បីសហការសម្របសម្រួលជាមួយកម្លាំងរុករកទាំងអស់។ ក្រុមការងារបានខិតខំដឹកស្បៀង ថ្នាំសង្កូវបញ្ជូនតាមឧទ្ធម្ភាគចក្រដល់កងទ័ពដែលកំពុងបំពេញប្រតិបត្តិការ៕