ប្រែសម្រួល៖ស-សម្បត្តិ
មន្ត្រីឧទ្យានជាតិបានឲ្យដឹងថា បុរសម្នាក់ដែលគេមិនបញ្ចេញអត្តសញ្ញាណ បានពើបប្រយុទ្ធជាមួយខ្លាឃ្មុំ Grizzlyដ៏សាហាវមួយក្បាល ហើយក្រោយមកគាត់បានយកកាំភ្លើងខ្លីបាញ់សម្លាប់វា ចំណែកឯបុរសរូបនោះបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារខ្លាឃ្មុំកាលពីថ្ងៃព្រហស្បតិ៍។
ក្នុងពេលប្រយុទ្ធគ្នាជាមួយនឹងសត្វខ្លាឃ្មុំនោះគាត់បានប្រើកាំភ្លើងខ្លីបាញ់សម្លាប់សត្វខ្លាឃ្មុំ ហើយបន្ទាប់មកគាត់ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ ។ អ្នកនាំពាក្យទីភ្នាក់ងារ អភិរក្សសត្វព្រៃរបស់រដ្ឋបានឲ្យដឹងថា សត្វ ខ្លាឃ្មុំនេះទំនងជាមេខ្លាឃ្មុំធំដែលព្យាយាមការពារកូនរបស់វា ។ បុគ្គលិកសត្វព្រៃបានចាប់ផ្តើមស្វែងរកកូនរបស់វានៅជុំវិញតំបន់នោះ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ទេថាតើកូនរបស់វានឹងត្រូវបានគេចាប់យកទៅឬមួយយ៉ាងណានោះទេ។
ការវាយប្រហារដោយសត្វខ្លាឃ្មុំនេះ បានកើតឡើងនៅក្នុងព្រៃធម្មជាតិ Flathead ចម្ងាយប្រហែល ២ ម៉ាយភាគខាងជើងនៃតំបន់ Columbia Falls ដែលជាទីក្រុង Montana ភាគពាយ័ព្យដែលមានមនុស្សប្រហែល ៥,៥០០ នាក់រស់នៅ។ នៅថ្ងៃដដែលនោះ ក៏មានបុរសម្នាក់ផ្សេងទៀតត្រូវបានវាយប្រហារដោយសត្វខ្លាឃ្មុំ Grizzly ពេញវ័យមួយក្បាល ដែលបានចូលទៅក្នុងផ្ទះ និងលួចអាហារនៅជុំវិញទីក្រុង Gardner ភាគខាងជើងនៃឧទ្យានជាតិ Yellowstone ។
វាក៏ត្រូវបានគេបាញ់សម្លាប់នៅក្បែរទន្លេ Yellowstone ចម្ងាយប្រហែល ៣០០ ម៉ាយពីភាគខាងត្បូងពីតំបន់ដែលមានការវាយប្រហារដោយសត្វខ្លាឃ្មុំដំបូងនៅតំបន់ Columbia Falls។នាយកដ្ឋានអភិរក្សសត្វព្រៃបានថ្លែងថា ខ្លាឃ្មុំបានក្លាយទៅជាទម្លាប់ក្នុងការស្វែងរកអាហារនៅក្នុងកន្លែងចាក់សំរាម និងសាច់អាំងដែលទុកចោលនៅខាងក្រៅផ្ទះ។
សត្វខ្លាឃ្មុំអំបូ Grizzly អាចធំលូតលាស់ដល់ទៅ ៧០០ ផោន ត្រូវបានចុះបញ្ជីជាប្រភេទសត្វដែលកំពុងរងការគំរាមកំហែងនៅសហរដ្ឋអាមេរិកក្រោមច្បាប់ ប្រភេទសត្វជិតផុតពូជ។មន្ត្រីជាប់ឆ្នោតនៅក្នុងរដ្ឋ Rocky Mountain កំពុងជំរុញឲ្យមន្ត្រីសហព័ន្ធលើកកម្ពស់ការពារសត្វកម្រប្រភេទនេះដោយរារាំងមិនឲ្យមានការបរបាញ់ឡើយ៕