ព័ត៌មានជាតិ

អ្នកបច្ចេកទេសអាចនឹងបើកបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីកំចាយបើភ្លៀងនៅបន្តធ្លាក់

ដោយ៖ កំចាយ

កំពត÷ ក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ អាចនឹងបើកទឹកបង្ហូរចេញពីអាងទំនប់វារីអគ្គិសនីកំចាយក្នុងករណីបើភ្លៀងនៅតែបន្តធ្លាក់រហូតកម្ពស់ឡើងដល់កម្រិត១៤៨ម៉ែត្រធៀបនឹងនីវ៉ូសមុទ្រ។

យោងតាមលិខិតចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតបានជូនដំណឹងដល់សាធារណជនថា ដោយសារភ្លៀងបានធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ពិសេសនៅតំបន់ស្ថានីយវារីអគ្គិសនីកំចាយធ្វើឱ្យកម្រិតទឹកក្នុងអាងស្តុកកើនឡើងជាបន្តបន្ទាប់។ នៅពេលដែលកម្ពស់ទឹកកើនដល់១៤៨ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងបើកទ្វាររំដោះទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយដោយសន្សឹមៗ។

សូមបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៨យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ កម្ពស់ទឹកក្នុងអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយបានឡើងដល់១៤៧,៥៨ម៉ែត្រ ដោយលម្ហូរចូលមានចំណុះ២៦៥,៨០ម៉ែត្រត្រីគុណក្នុងមួយវិនាទី៕