អន្តរជាតិ

មេដឹកនាំបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលមរណភាព

ប្រែសម្រួល៖រតនា

ហាណូយ៖ លោក Nguyen Phu Trong ដែលបានដឹកនាំប្រទេសវៀតណាមអស់រយៈពេលជាងមួយទស្សវត្សរ៍ហើយថ្មីៗនេះបានដើរលើខ្សែបន្ទាត់គោលនយោបាយដ៏ល្អមួយក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងចិន និងអាមេរិកក្រោមនយោបាយការទូតដើមឫស្សី’ របស់គាត់ឥឡូវនេះបានទទួលមរណភាពហើយក្នុងអាយុ ៨០ ឆ្នាំ។

លោក ង្វៀ់ន ភូត្រុង (Nguyen Phu Trong)អតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម

អស់ជាច្រើនខែមកហើយ ដែលលោក Nguyen Phu Trong  អវត្តមាននៅក្នុងព្រឹត្តិការណ៍សាធារណៈ ឬខកខានទាំងស្រុង ហើយកាលពីថ្ងៃព្រហស្បតិ៍តួនាទីជាប្រធានគណបក្សត្រូវបានជំនួសដោយលោកប្រធានាធិបតី To Lam ។ បក្សកុម្មុយនិស្តវៀតណាមបានថ្លែងកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ថាគាត់បានស្លាប់ដោយសារជំងឺចាស់ជរាដ៏ធ្ងន់ធ្ងរ។

លោក Trong បានក្លាយជាអគ្គលេខាធិការបក្សកុម្មុយនិស្តក្នុងឆ្នាំ ២០១១ ដែលជាមុខតំណែងផ្តាច់ការគ្រប់គ្រងដោយបក្សកុម្មុយនិស្តបានផ្តល់ឲ្យគាត់នូវគន្លឹះនៃអំណាច។ លោកក៏បានធ្វើជាប្រធានាធិបតីវៀតណាមចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ផងដែរ។

ចាប់ពីឆ្នាំ ២០១៧មកលោក Nguyen Phu Trong  បានបញ្ចេញកណ្តាប់ដៃដែកបង្រ្កាបអំពើពុករលួយតាមបែបចិនកុម្មុយនិស្ត ដែលគេហៅថាជាដុំភ្លើងដែលបានជះឥទ្ធិពលដ៏អាក្រក់ដល់សេដ្ឋកិច្ច និងធ្វើឲ្យរដ្ឋបាលសាធារណៈជាប់គាំងថែមទៀតផងនៅក្នុងឆ្នាំមុន។

នៅក្នុងគោលនយោបាយការបរទេស លោក Trong បានខិតខំព្យាយាមបង្កើនមិត្តឲ្យបានកាន់តែច្រើន និងកាត់បន្ថយសត្រូវក្នុងសភាពបត់បែនដូចដើមឬស្សី។

គោលជំហរ​នេះ​បានលើកទឹកចិត្តឲ្យមាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី Joe Biden ទៅកាន់​ទីក្រុង​ហាណូយ​កាលពី​ខែ​កញ្ញា​ដែលធ្វើឲ្យអាមេរិក​មើល​ឃើញ​វៀតណាមកំពុង​លើកកម្ពស់ផ្នែកការទូត​​ជាមួយអាមេរិក និង​ចិន រួមទាំងរុស្ស៊ី និងឥណ្ឌា ហើយនិង​កូរ៉េខាងត្បូង។

បីខែក្រោយមក ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ បើទោះបីជាមានភាពតានតឹងកើនឡើងចំពោះការទាមទារទឹកដីនៅតំបន់សមុទ្រចិនខាងត្បូងក៏ដោយ ក៏វៀតណាមបានជំរុញទំនាក់ទំនងបន្ថែមទៀតនៅពេលដែលប្រធានាធិបតីចិនលោក Xi Jinping បានទៅធ្វើទស្សនកិច្ច។

វៀតណាមក៏បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមិថុនា និងបានលើកកម្ពស់ការទូតដល់កម្រិតខ្ពស់បំផុតជាមួយប្រទេសជប៉ុនកាលពីឆ្នាំមុន។

ការបង្រ្កាបអំពើពុករលួយរបស់លោក Trong មានរយៈពេលយូរ ដែលនាំទៅដល់ការចាប់ខ្លួន ឬបង្ខំឲ្យលាលែងពីតំណែងកំពូលៗ។

លោក Trong បានព្រមានដល់មន្រ្តីកំពូលៗជាច្រើនខែបន្ទាប់ពីគាត់បានចាប់ផ្តើមអនុវត្តគោលនយោបាយបង្រ្កាបអំពើពុករលួយដែលលោកនិយាយថា “ចង្ក្រានកំពុងតែឡើងកម្តៅ សូម្បីតែអុសស្រស់ក៏អាចឆេះបានដែរ” ។

លោក តូ ឡាំ (To Lam )ប្រធានាធិបតីវៀ់តណាមបច្ចុប្បន្ន

ក្រុមអ្នករិះគន់បានហៅការបង្រ្កាបនេះថាជាការគាបសង្កត់ក្នុងហេតុផលនយោបាយ ហើយក្រុមសិទ្ធិមនុស្សក៏បានចោទប្រកាន់លោក Trong ថាបានចាប់ខ្លួនសកម្មជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅចុងឆ្នាំ ២០២២ លោក Trong បញ្ជាឲ្យបង្រ្កាបអំពើក្លែងបន្លំហិរញ្ញវត្ថុក្នុងទឹកប្រាក់ចំនួន២៤ ពាន់លានដុល្លារដែលឈានទៅដល់ការចាប់ខ្លួនមហាសេដ្ឋីអចលនទ្រព្យ Truong My Lan ។

ការបង្រ្កាបរបស់លោក Trong នាំទៅដល់ការបណ្តេញប្រធានាធិបតីវៀតណាមពីររូបក្នុងរយៈពេលប្រហែលមួយឆ្នាំ ដែលជាការវិវឌ្ឍចុងក្រោយនៅក្នុងខែមីនាធ្វើឲ្យអ្នកវិនិយោគបរទេសមិនសប្បាយចិត្តហើយមានការបារម្ភអំពីយុទ្ធនាការប្រឆាំងអំពើពុករលួយហួសកម្រឹត។

  • កាន់អំណាចក្នុងសភាពមានជំងឺ

ការគ្រប់គ្រងរបស់លោក Trong បានរឹងមាំនៅក្នុងអាណត្តិប្រាំឆ្នាំទីពីររបស់គាត់ ហើយទោះបីជាគាត់មានបញ្ហាសុខភាពក៏ដោយ គាត់បានធានាអាណត្តិទីបីដ៏កម្រនៅឆ្នាំ ២០២១ ដោយគណបក្សនេះបានលុបចោលច្បាប់ដែលដាក់កម្រិតតំណែងប្រធានគណបក្សត្រឹមពីរអាណត្តិ។

សរុបមក គាត់បានកាន់តំណែងជាប្រធានបក្សអស់រយៈពេល ១៣ ឆ្នាំ ទីពីរបន្ទាប់ពី Le Duan ដែលបានគ្រប់គ្រងដោយកណ្តាប់ដៃដែកអស់រយៈពេល ២៦ ឆ្នាំបន្ទាប់ពីការស្លាប់របស់ស្ថាបនិកបដិវត្តន៍វៀតណាមហូជីមិញ។

វៀតណាមបានបន្តរីកចម្រើនក្រោមការដឹកនាំរបស់ Trong ដោយទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ “Doi Moi” ឆ្នាំ ១៩៨៦ ដែលបានប្រែក្លាយប្រទេសនេះពីប្រទេសកសិកម្មដ៏ហែកហួរដោយសង្រ្គាម ទៅជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅតំបន់អាស៊ី។

កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់វៀតណាមមានជាមធ្យម ៥.៨ ភាគរយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយបានគ្រប់គ្រងកំណើនសមរម្យ សូម្បីតែក្នុងអំឡុងពេលជំងឺរាតត្បាត ដែលបំផ្លាញសេដ្ឋកិច្ចនៅកន្លែងផ្សេងក៏ដោយ។

លោក វ៉ូ វ៉ាន់ធឿង ( Vo Van Thuong) អតីតប្រធានាធិបតីវៀតណាមដែលត្រូវបានបណ្តេញចេញពីតំណែង

យោងតាមជីវប្រវត្តិមួយបានឲ្យដឹងថា លោក Trong កើត និងធំធាត់នៅជាយក្រុងហាណូយក្នុងគ្រួសារកសិករ ។ លោក Trong ចាប់អារម្មណ៍លើអក្សរសិល្ប៍តាំងពីក្មេង។ គាត់បានសិក្សាផ្នែកទស្សនវិជ្ជា – ការសិក្សាភាសា និងអត្ថបទប្រវត្តិសាស្ត្រ – នៅសាកលវិទ្យាល័យ ហើយស្នាដៃបោះពុម្ពដំបូងរបស់គាត់នៅឆ្នាំ ១៩៦៧ គឺកំណាព្យប្រជាប្រិយ។

ការសិក្សារយៈពេលពីរឆ្នាំនៅសហភាពសូវៀត គាត់បានបន្តទទួលបានបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ ដោយសរសេរនិក្ខេបបទរបស់គាត់ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនិស្តវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងជាមួយមហាជន។ នៅឆ្នាំ ១៩៩១ គាត់បានក្លាយជានិពន្ធនាយកនៃទស្សនាវដ្តីត្រួតពិនិត្យរបស់គណបក្ស។

លោកង្វៀន សួនហ្វុក( Nguyen Xuan Phuc)អតីតប្រធានាធិបតីវៀ់តណាមដែលត្រូវបណ្តេញចេញពីតំណែង

លោក Trong គឺជាអ្នកស្អប់ខ្ពើមសំណូក គាត់រស់នៅក្នុងផ្ទះដែលរៀបចំដោយរដ្ឋដ៏តូចតាចមួយ ហើយបដិសេធអំណោយបុណ្យចូលឆ្នាំដ៏ថ្លៃថ្លាពីមិត្តភក្តិរបស់គាត់។

សៀវភៅពីរក្បាល ដែលសៀវភៅនីមួយៗមាន ៦០០ ទំព័រ បោះពុម្ពដោយគណបក្សនៅក្នុងឆ្នាំ ២០១៩ និង ២០២១ តរៀងគ្នាបានលើកតម្កើងគុណធម៌របស់លោក Trong ដែលជាកិច្ចខិតខំប្រឹងប្រែងមួយចំនួន។

កំណាព្យមួយនៅក្នុងសៀវភៅទីមួយពណ៌នាអំពីលោក Trong ថាជា “បុរសដ៏ថ្លៃថ្នូ ដែលត្រូវបានបញ្ជូនដោយវិញ្ញាណដើម្បីបន្សុទ្ធប្រព័ន្ធពុករលួយ” ដែលជាឯកសារយោងជាក់ស្តែងចំពោះការបង្ក្រាបអំពើពុករលួយដោយសរសេរថា “ញញួរនិងកន្ត្រៃនៅក្នុងដៃគាត់កំចាត់ភាពអាប់អួរ” ។

Trong បានរៀបការមានកូនប្រុសស្រីម្នាក់។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា កូនចៅរបស់គាត់ មិនដូចមន្ត្រីជាន់ខ្ពស់ដទៃទៀតទេ គឺជាមន្ត្រីធម្មតា៕

ប្រភព៖ Reuters/rc