ដោយៈសិរីមតី
ភ្នំពេញ៖ក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក (CRBV) គឺជាក្រុមហ៊ុនចម្រុះរវាងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា(កម្ពុជា រី)និងក្រុមហ៊ុន BlueVenture Group Public Company Limited (BVG) ដែលផ្តល់សេវាគាំទ្រលើការគ្រប់គ្រងសំណងធានារ៉ាប់រង សុខភាព និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស្ថាប័នស្វ័យធានារ៉ាប់រង (self-insured organizations) បានប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដើម្បីផ្ដល់ជូនដល់អតិថិជនដែលមានធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល ក្នុងការទទួលបានសេវាថែទាំនិងព្យាបាលសុខភាព ។
កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះអត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីភាពជាដៃគូអាជីវកម្ម នារសៀលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក Suthon Chutiniyomkarn អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រ ឯ.កនិងលោកសាស្រ្ដាចារ្យ Attapoom Susupausជានាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។
លោក Suthon Chutiniyomkarn ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវដោះស្រាយសំណងធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់បុគ្គល និងការលើកកម្ពស់សុខមាលភាពរបស់អតិថិជនជាមួយពិសោធន៍ថ្មី ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យាចុងក្រោយ សម្រាប់ការស្នើទាមទារសំណងធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់បុគ្គល។ លោក បានបន្ថែមថា កិច្ចសហការរបស់យើងជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញមានគោលបំណងសម្រួលដំណើរការទាមទារសំណង កាត់បន្ថយបន្ទុកលើអ្នកជំងឺ និងអនុញ្ញាតឱ្យពួកគេផ្តោតសំខាន់ លើសុខុមាលភាពរបស់ពួកគេ។
បើតាម លោក Suthon Chutiniyomkarn បានឱ្យដឹងទៀតថា អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការបោះជំហានដ៏សំខាន់ផ្តល់នូវបទពិសោធន៍ដែលមានភាពងាយស្រួល ដែលអ្នកជំងឺអាចទទួលបានការថែទាំដែលពួកគេត្រូវការភ្លាមៗ និងដោយគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុ ហើយធានាថាពួកគេទទួលបានការថែទាំតាមស្តង់ដារខ្ពស់បំផុតហើយ មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មមន្ទីរពេទ្យដោយពុំចាំបាច់បង់ប្រាក់មុនដោយមិនមានការរង់ចាំយូរ ឬភាពស្មុគស្មាញ។ លោកប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក ក៏បានអះអាងថា ទាំងក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក និងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីផ្តល់នូវសេវាកម្ម និងតម្លៃដ៏ប្រសើរដល់អតិថិជនរបស់ខ្លួន។
លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានមានប្រសាសន៍ថា៖ អនុស្សរណៈនៃការយោគយល់គ្នានេះបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ដើម្បីឱ្យប្រជាជនកម្ពុជាទទួលបាននូវការថែទាំសុខភាពដែលមានគុណភាពខ្ពស់។
លោកសាស្រា្ដចារ្យបានបញ្ជាក់បន្ថែមថា៖ «យើងមានទំនុកចិត្តថា កិច្ចសហការនេះនឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតនោះ នឹងផ្តល់លទ្ធភាពជូនអតិថិជនក្នុងការរៀបចំគិតគូរពីសុខភាព និងសុខុមាលភាពរបស់ពួកគេ ដោយគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុហួសហេតុពេក»។
សូមជម្រាបជូនថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.កនឹងទទួលបានការបញ្ចុះតម្លៃដ៏ពិសេសលើសេវាវេជ្ជសាស្ត្រ ដែលបង្កើនលទ្ធភាពឱ្យពួកគេទទួលសេវាថែទាំសុខភាពប្រកបដោយគុណភាព៕