ព័ត៌មានជាតិ

វិទ្យាល័យជប់វារីនៅស្រុកព្រះនេត្រព្រះបាននិងកំពុងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ តាមរយៈការអនុវត្តតេស្ដស្ដង់ដា

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡានិងប្រតិភូបានទៅធ្វើទស្សនកិច្ចវិទ្យាល័យជប់វារី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក៏មានការចូលរួមពីសំណាក់លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ប្រធានមន្ទីរអប់រំ យុវជននិងកីឡា អភិបាលស្រុក ប្រធានការិយាល័យអប់រំ យុវជននិងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល តំណាងសហគមន៍ អាជ្ញាធរដែនដី និងសិស្សានុសិស្សប្រមាណ ១៥០ នាក់។

លោកវ៉ាត វីរ: នាយកវិទ្យាល័យជប់វារីបានអោយដឹងថា: បច្ចុប្បន្នវិទ្យាល័យជប់វារី បាននិងកំពុងអភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំ តាមរយៈការអនុវត្តតេស្ដស្ដង់ដា ដើមឆ្នាំ ប្រចាំខែនិងឆមាសនៅគ្រប់កម្រិត អនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដែលរួមមានកម្មវិធីមគ្គុទេសអាជីពនិងការផ្ដល់ប្រឹក្សា(CGC) មុខវិជ្ជាបំណិនជីវិត ការអប់រំស្តឹម(STEM) ការតបណ្ដាញអគ្គិសនីក្នុងអគារ និងសិស្សស្រីបច្ចេកទេស(Technovation girl) ជាដើម។

បន្ថែមពីនេះ សាលាក៏បានប្រើប្រាស់វិធីសាស្ត្របង្រៀនបែបចម្រុះ ដូចជាវិធីសាស្រ្ដបង្រៀនបែបគម្រោង សហការស្រាវជ្រាវ និងប្រពៃណី ដើម្បីបង្រៀនសិស្សានុសិស្សផងដែរ។

លោកវ៉ាត វីរ: បានបន្តថា : វិទ្យាល័យជប់វារី មានផ្ទៃដី៥៦.៨៣០ម៉ែត្រការ៉េ(៥៦៨ហិកតា) ស្ថិតនៅផ្លូវជាតិលេខ៦ ភូមិ/ឃុំជប់វារីស្រុកព្រះនេត្រព្រះ ។ឆ្នាំ១៩៨២ បានបង្កើតជាអនុវិទ្យាល័យ។ដល់ឆ្នាំ២០០០ បង្កើតជាវិទ្យាល័យ ។

បច្ចុប្បន្ន សាលាមានអគារសិក្សា៩ខ្នង ស្មើ៧៤បន្ទប់ មានបុគ្គលិក៧៥នាក់ សិស្សចំនួន១.៥១៥នាក់ ។ ជាវិទ្យាល័យមានអគារធនធាន ដែលមានបណ្តាញដូចជាវិទ្យាល័យទឹកជោរ វិទ្យាល័យឈ្នួតមានជ័យ វិទ្យាល័យរហាល និងអនុវិទ្យាល័យព្រះនេត្រព្រះ ទានកាំនិងសាលាចំណុះដូចជាបឋមសិក្សាកក់,ជប់វារី ,គោលលុន,ភ្នំជញ្ជាំង ។

លោកក៏បង្ហាញដែរពីលទ្ធផលសម្រេចបានក្នុងការអនុវត្តស្តង់ដារសាលាគំរូ រួមមានលទ្ធផលទទួលបានក្រុមការងារនាយកដ្ឋានធានាគុណភាពអប់រំចុះវាយតម្លៃ,លទ្ធផលការសិក្សារបស់សិស្ស ,ចំនួននិងអត្រាសិស្សឡើង ត្រួតថ្នាក់និងបោះបង់ ,លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ,ទុតិយភូមិ។លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ។ដំណើរការបង្រៀន រៀន ,និយាមការអប់រំ, ការអនុវត្តកម្មវិធីអប់រំកុមារីគាំទ្រដោយអង្គការរូមធូរីដ(Room to Read )ដូចជាបំណិនជីវិត អប់រំណែនាំជាបុគ្គល ជាក្រុម ការចូលរួមរបស់គ្រួសារ សម្ភារសិក្សាសិស្ស សកម្មភាពផ្សេង បញ្ហាប្រឈមនិងផែនការបន្ត ។

ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំ យ្វជននិងកីឡាវាយតម្លៃខ្ពស់ចំពោះការថែរក្សាបរិស្ថានសាលាស្អាត និងផ្ដល់ឱកាសឱ្យសិស្សក្នុងការសិក្សារៀនសូត្រ និងវាយតម្លៃខ្ពស់ក្នុងរយៈពេលប្រហែល ៦ខែ ពិន្ទុស្ដង់ដានៃសាលាគំរូរបស់សាលាមានការកើនឡើង ចំណែកឯលទ្ធផលសិក្សាសិស្សក៏មានការប្រែប្រួលផងដែរ។

លោកបានបានបន្ដថា :សម្រាប់កម្មវិធីបំណិនជីវិតដែលរៀបចំដោយអង្គការ Room to Read ដើម្បីអនុវត្តក្នុងវិទ្យាល័យជប់វារី ជាកម្មវិធីមួយដែលធ្វើឱ្យសិស្សមានភាពក្លាហានក្នុងការនិយាយជាសាធារណៈ និងជាកម្មវិធីមួយដែលឆ្លើយតបទៅនឹងវិធានគន្លឹះទាំង ៤ របស់សម្ដេចមហាបវរធិតីនាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងស្ដង់ដាសាលាគំរូដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ បន្ថែមពីនេះ ខ្ញុំសូមឱ្យសាលារៀបចំឱ្យមានការបង្រៀនបំប៉ន ជួយដល់សិស្សនុសិស្សដែលរៀនខ្សោយផងដែរ។

ចុងបញ្ចប់លោកបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណដល់លោកអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ លោកអភិបាលស្រុក លោកប្រធានការិយាល័យអប់រំស្រុកនិងគណ:គ្រប់គ្រង លោកគ្រូ អ្នកគ្រូ ព្រមទាំងគ្រប់ភាគី អង្គការដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រដល់គម្រោងកែលម្អគុណភាពអប់រំ និងស្នើឱ្យបន្តចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ឆ្ពោះទៅលើកកម្ពស់វិស័យអប់រំកម្ពុជាឱ្យកាន់តែរីកចម្រើន ៕