សន្ដិសុខសង្គម

ឃុំខ្លួនឡាវនិងខ្មែរសរុប២នាក់ដាក់ពន្ធនាគារករណីជួញដូរគ្រឿងញៀនជិត១ម៉ឺនគ្រាប់

ដោយ៖សុខុម
ស្ទឹងត្រែង៖ចៅក្រមនៃសាលាដំបូងខេត្តស្ទឹងត្រែងនៅថ្ងៃទី១៧កក្កដា២០២៤ បានសម្រេចចេញដីកាឃុំខ្លួនបុរសជនជាតិឡាវម្នាក់និងខ្មែរម្នាក់ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទជួញដូវនូវសាធាតុញៀនខុសច្បាប់។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឱ្យ Cambodia Flash News (CFN) ដឹងថា កម្លាំងយោធាផ្នែកសឹករងស្រុកបុរីអូរស្វាយសែនជ័យគឺជាអ្នកបង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័ចំនួន០២នាក់ កាលពីថ្ងៃទី១៥កក្កដា២០២៤។ ទី១.ឈ្មោះលឺ ទ្បួងម៉ានី អាយុ
៣៣ ឆ្នាំ ជនជាតិទ្បាវ មានទីលំនៅឃីខួយ ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសទ្បាវ និងទី២.ឈ្មោះលីន គីក អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ករណីនេះបង្ក្រាបបាននៅភូមិសាស្ត្រកោះឈើទាលធំ ឃុំព្រះរំកិល ដោយកម្លាំងយោធា និងបានប្រគល់ឱ្យកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ វត្ថុតាង រឹបអូសពីជនសង្ស័យរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(WY)ចំនួន៤៨ កញ្ចប់តូច ស្មើនឹង
៩៦០០គ្រាប់ទម្ងន់សុទ្ធ៩៦៦,៤ក្រាម,ទូរសព្ទដៃចំនួន១គ្រឿង.លុយទ្បាវ ចំនួន៧,៨០៥០០០គីប។

ក្រោយបញ្ចប់នីតិវិធី កម្លាំងកងរាជអាវុធហត្ថខេត្តក៏បានបញ្ជូនសំណុំរឿងទៅតុលាការនិងបន្តឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត៕