សន្ដិសុខសង្គម

បេសកកម្មរុករកឧទ្ធម្ភាគចក្រនិងកងទ័ព២នាក់ដែលបាត់នៅតែរកមិនឃើញ, អាកាសធាតុបង្កើនសម្ពាធឧបសគ្គ, ប្រពន្ធរបស់ពីឡុតរៀបរាប់,ផ្លូវលំបាក

ដោយ : បន្ទាយ

ពោធិ៍សាត់៖ បេសកកម្មរុករកឧទ្ធម្ភាគចក្រនិងកងទ័ព២នាក់ដែលកំពុងបើកបរហ្វឹកហ្វឺន ហើយបាត់ពីការទាក់ទង នៅតែរកមិនឃើញនៅឡើយមកទល់ថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៤ ឬចូលជាថ្ងៃទី៦ទៅហើយនេះ។បញ្ហាអាកាសធាតុត្រូវក្រុមការងារចាត់ទុកថាជាមូលហេតុធំជាងគេដែលបង្កើនសម្ពាធឧបសគ្គដល់បេសកកម្មនេះ ។

ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារ កាលពីថ្ងៃទី១៧ ខែកក្កដា លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានចុះទៅពិនិត្យប្រតិបត្តិការរបស់កម្លាំងចម្រុះនៅទីបញ្ជាការស្រាលនាថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីស្រុកវាលវែងបានឲ្យដឹងនាថ្ងៃទី១៨ខែកក្កដាថា: ប៉ុន្មានថ្ងៃមកនេះ ជាពិសេសពេលនេះ នៅភូមិសាស្ត្រក្រុមការងារបេសកកម្មដាក់គោលដៅថាជាកន្លែងសង្ស័យ៥០គីឡូម៉ែត្រក្រឡាម្តុំខាងលិចភ្នំខ្មោចនៃជួរភ្នំក្រវាញ ដែលឧទ្ធម្ភាគចក្រអាចធ្លាក់និងតំបន់ជុំវិញបាននិងកំពុងមានភ្លៀងធ្លាក់ខ្លាំង ពោលគឺបន្ថែមភ្លៀងរលឹមស្ទើររាល់ថ្ងៃនោះ ។

ហេតុនេះនៅក្នុងព្រៃជ្រលងដងភ្នំ ជ្រៅអូរស្ទឹងត្រូវគ្របដណ្តប់ដោយទឹកភ្លៀងនិងទឹកជន់ឡើង ហើយហូរគំហុកខ្មួលខ្មាញ់ ដែលបង្កការលំបាកបន្ថែមទៀតដល់បេសកកម្មដែលមិនជោគជ័យស្រាប់មួយនេះ។ តម្រុយណាមួយពាក់ព័ន្ធ ឬក៏បំណែកឧទ្ធម្ភាគចក្រនិងកងទ័ព២នាក់នៅតែមិនមាន ។ទន្ទឹមនឹងនេះមានព្រឹត្តិការណ៍ជាច្រើនបានកើតនិងបង្កើតឡើងទាក់ទិនការបាត់និងបេសកកម្មរុករកឧទ្ធម្ភាគចក្រនិងកងទ័ព២នាក់នេះ។

សារព័ត៌មានក្នុងស្រុកនៅប្រទេសថៃបានរាយការណ៍ថា៖ កងកម្លាំងថៃនៅក្នុងខេត្តត្រាតនិងច័ន្ទបូរី(ដែលជាប់ព្រំប្រទល់ដែនកម្ពុជានៃខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបងនិងប៉ៃលិន ក៏បានព្យាយាមស្វែងរកឧទ្ធម្ភាគចក្រនិងមនុស្ស២នាក់របស់កម្ពុជាដែលបានបាត់ពីការទាក់ទងឬសង្ស័យធ្លាក់នោះដែរ  ក្រែងលោបានឆ្លងចូលក្នុងទឹកដីថៃ ។ ប៉ុន្តែសញ្ញានៃកងការពារអាកាសថៃ ថាមិនមានការហោះចូលទេ ។

ខណ:នេះដែរ ហ្វេសប៊ុករបស់ឈ្មោះកល្យាណ ណាតារ៉ា(Kanlyan Natara) ដែលថា ជារូបប្រពន្ធរបស់ពីឡុតឈ្មោះលោកខេង ឆៃយុទ្ធ ចេញរូបនិងខ្លឹមសារជាបន្តបន្ទាប់ ដែលមានខ្លឹមសារជាអាថ៌ថា: « កូនបងនៅតូចៗណាស់បង គ្នាត្រូវការភាពកក់ក្តៅនឹងការមើលថែទំាពីបង ស៊ូៗឡើងបង បងត្រូវតែជម្នះឧបសគ្គមួយនេះឲ្យបានណាបងសម្លាញ់ ។ នៅពេលដែលឮកូនហៅប៉ាៗម្តងៗ ទ្រូងខ្ញុំស្ទើរតែប្រេះជា២ហើយ គ្នានៅតូចៗណាស់ ដឹងត្រឹមថាប៉ាៗទៅធ្វើការ ។

លោកយាយម៉ៅវាលវែង ជួយប្តីខ្ញុំផង…។

បងត្រូវតែតស៊ូឡើងណាប្តី កូនយើងនៅតូចៗណាស់  បងប្អូនល្អៗរបស់បងកំពុងតែតាមរកជួយសង្គ្រោះបងហើយ។ ប្តីសម្លាញ់អូនអើយ មកផ្ទះយើងវិញមកបង។ លោកតាឌីអើយសូមជួយនំាផ្លូវប្តីខ្ញុំ ខេង ឆៃយុទ្ធ ត្រឡប់មករកខ្ញុំវិញមក ។ ខ្ញុំពិតជានឹកប្តីខ្ញុំខ្លំាងណាស់។សូមឲ្យបារមីទំាងអស់ជួយឲ្យមេឃឈប់ភ្លៀងនិងសូមឲ្យផ្ទៃមេឃប្រែជាស្រឡះវិញផង សូមឲ្យភាពសច្ចៈទៀងត្រង់របស់ប្តីខ្ញុំជួយឲ្យគាត់រកផ្លូវដើរឲ្យចំផ្លូវដែលមានអ្នកជួយសង្គ្រោះនៅក្នុងថ្ងៃនេះផងចុះ…ជាដើម ។

ក្រុមខ្លះនៃរថយន្តផ្លូវលំបាក(Off Road ) …ក្រុមឯកជន …ក៏សុំជួយដល់រថយន្តនិងកម្លាំងដល់បេសកកម្មនេះដែរ ។

ចំពោះក្រសួងការពារជាតិនៅថ្ងៃនេះបានបញ្ជាក់ថា : ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ ក៏កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ គណៈបញ្ជា​ការ​ឯកភាព​ខេត្ត​នៅតែបន្តខិតខំស្វែងរកនិងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗ។

សូមរំលឹកថា លិខិតមួយស្តីពីផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជាលេខ៤១៧/២៤ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា: ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរនេះម៉ាកZ-9  លេខMH912  ត្រូវហ្វឹកហ្វឺនផ្លូវឆ្ងាយ : ភ្នំពេញ-ថ្មដា-ពោធិ៍សាត់-ភ្នំពេញ ។ដោយចេញដំណើរពីថ្ងៃទី១២ខែកក្កដា ម៉ោង១១:០០នាទីព្រឹកនិងមកដល់វិញនៅម៉ោង១៤:០០នាទីថ្ងៃដដែល ។លើឧទ្ធម្ភាគចក្រ មានលោកស៊ុន ផ្លា ជាប្រធានក្រុមនិងលោកខេង ឆៃយុទ្ធ ជាអាកាសយានិក(Pilot) ។ឧទ្ធម្ភាគចក្រនិងកងទ័ព២នាក់នោះបានបាត់ពីការទាក់ទងតាំងពីថ្ងៃទិ១២ ខែកក្កដា ឆ្នាំ២០២៤មក ៕