ដោយ៖ បន្ទាយ
ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ម្ចាស់រថយន្តចំនួន០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងបង្កឲ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: យកមកអប់រំ និងណែនាំឲ្យដោះស៊ីម៉ាំងចេញជាបន្តបន្ទាប់។
ការបង្រ្កាបរថយន្តទាំង០២គ្រឿង រួមមាន ៖ ១- រថយន្តទី១ ម៉ាក MASDA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-1979 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់នៅផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងរថយន្តទី២ ម៉ាក MASDA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3559 ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញឃាត់នៅផ្លូវព្រះមុន្នីវង្សកែងនឹងផ្លូវ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បន្ទាប់ពីបានអប់រំរួច កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំម្ចាស់រថយន្តទាំង០២គ្រឿងឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត ៕