សន្ដិសុខសង្គម

ផ្ទះពលរដ្ឋជាង៤០០នៅភូមិនិងឃុំនៃស្រុក ក្រុងខេត្តព្រះវិហាររងគ្រោះដោយជំនន់ទឹកភ្លៀង

ដោយ : បន្ទាយ
ព្រះវិហារ : ភ្លៀងធា្លក់នៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បង្កឱ្យភូមិសាស្ត្រភូមិខ្លះនៃឃុំ សង្កាត់ខ្លះនៅស្រុកឆែប ក្រុងព្រះវិហារ ស្រុកជ័យសែន ខេត្តព្រះវិហារ ទទួលនូវការលិចលង់ដោយជំនន់ទឹកភ្លៀង គឺជំនន់ពីថ្ងៃទី១៥ខែកក្កដាមក ដោយក្នុងនោះ ភូមិជោគជ័យ ឃុំសង្កែ២ ស្រុកឆែប ក៏រងគ្រោះយ៉ាងដំណំដែរ ។

អភិបាលរងម្នាក់នៃខេត្តព្រះវិហារ លោក ណុប វុទ្ធី អោយសារព័ត៌មានCambodia Flash News (CFN) ដឹងកាលពីម្សិលមិញថា : ជំនន់ទឹកភ្លៀងបង្កពីភ្លៀងធ្លាក់រណ្តំក្នុងភូមិសាស្ត្រនោះបានធ្វើឲ្យលិចផ្លូវ លិចទីធ្លា ទឹកហូរខ្លាំងនិងលិចទីធ្លានៃផ្ទះប្រជាពលរដ្ឋចំនួន៤២៣ខ្នងផ្ទះ ខូចផ្លូវ ព្រមទាំងដំណាំស្រូវនិងបន្លែខ្លះមួយចំនួនទៀត ។

ទោះយ៉ាងណា ពុំមានរបាយការណ៍ពីជនរងគ្រោះដល់អាយុជីវិត ឬរងរបួសឬក៏ចាំបាច់ត្រូវជន្លៀសពលរដ្ឋនោះដែរ។

លោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារបានដឹកនាំមន្ត្រីនៃមន្ទីរជំនាញនិងអាជ្ញាធរស្រុកចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅចំណុចស្ពានអូរស្មៀត ក្នុងឃុំតស៊ូ ស្រុកជ័យសែននិងឃុំឆែប១ ស្រុកឆែប ខេត្ដព្រះវិហារ។

លោកថា :តមកស្ថានភាពជំនន់ទឹកភ្លៀងបានស្រកចុះបណ្តើរៗក្នុងលក្ខណៈស្រកខាងលើ ស្រុងខាងក្រោម ។ ម្យ៉ាងដោយសារអត់មានភ្លៀងធ្លាក់ជាថ្មី ត្រឹមថ្ងៃទី១៧ខែកក្កដា ឯភូមិសាស្ត្ររងផលប៉ះពាល់ ហើយមន្ត្រីអាជ្ញាធរនិងជំនាញបន្តតាមដានពីការប្រែប្រួលធាតុអាកាសនិងជំនន់ទឹកភ្លៀងនេះ ៕