ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ទីតាំងថ្មីមួយដែលទើបរកឃើញថាម្ចាស់វាបានលួចចម្រាញ់ផលិតផលពីស្លឹកក្រាធំដែលអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាហាមឃាត់នោះ ត្រូវបាននគរបាលក្រុងប៉ោយប៉ែតនិងសង្កាត់អូរជ្រៅឆ្មក់បង្ក្រាប រឹបអូសវត្ថុតាងនិងបិទដំណើរការកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៤ ។ ទីតាំងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងថា: ពិតជាមានការបង្ក្រាបទីតាំងចម្រាញ់ កែច្នៃស្លឹកក្រាធំនោះមែន។ នេះជាការអនុវត្តបទបញ្ជាររបស់គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងនិងបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដោយសហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅចុះចាប់និងដកហូត ទីតាំងផលិតនិងចែកចាយទឹកក្រាធំមួយកន្លែង។
ប្រភពបន្តថា : បន្ទាប់ពីសួរនាំរួចរាល់ កម្លាំងនគរបាលបានបន្តដកហូតសម្ភារសម្រាប់ផលិតយកទៅរក្សាទុកនិងបំផ្លាញចោល ហើយបិទទីតាំងនោះ។ចំណែកអ្នកផលិតឬម្ចាស់ទីតាំងនិងសារធាតុនោះ ត្រូវណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពផលិតបន្តទៀត ។
ប៉ុន្តែនីតិវិធីមិនមានការឃាត់ខ្លួនឬកសាងសំណុំរឿងបញ្ជូននោះទេ ពោលគឺដូចស្មារតីដែលគណ:បញ្ជការរដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រជុំកាលពីថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ ៕