ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នឹងអនុញ្ញាតឱ្យលេងល្បែងអនឡាញ ក្នុងករណីមានច្បាប់ពីខាងគណៈកម្មការគ្រង់គ្រងល្បែងពាណិជ្ជកម្ម អនឡាញ( គ.ល.ក) និងមានការកំណត់ចម្ងាយឱ្យបានច្បាស់លាស់ គឺឃ្លាតពីទីតាំងរដ្ឋបាល,សាលារៀន និងវត្តអារាម។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានថ្លែងបែបនេះ នៅក្នុងការដែលឯកឧត្តមបានអញ្ជើញចូលរួម ប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅបន្ត នៅក្នុងសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ១៥ កក្កដានេះ។
ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាមបានថ្លែងថា៖ បើចង់បើកលេងល្បែងអនឡាញ ចាំបាច់ត្រូវមានលិខិតអនុញ្ញាតជាថ្មី ពី គ.ល.ក ជាមុនសិន។ ក្នុងនោះការបើកនេះទៀតសោត ហាមនៅក្បែរទីតាំងរដ្ឋបាល ក្បែរសាលារៀន ឬក្បែរវត្តរាម គឺត្រូវឃ្លាតពីទីតាំងសាធារណៈទាំងនេះ ដែលកំណត់ដោយអាជ្ញាធរ។
ឯកឧត្តមបានរំលឹកថា៖ កន្លងមកនៅខេត្តកំពង់ចាមល្បែងមួយនេះមានចំនួន ៤៩៥ ទីតាំង អាជ្ញាធរបានចុះធ្វើកិច្ចសន្យាបញ្ឈប់ និងបិទដោយស្ម័គ្រចិត្តរយៈបីថ្ងៃ។ ខណៈដែលកាលនោះខេត្តកំពង់ចាម មានច្បាប់អនុញ្ញាតចំនួន បី ប៉ុណ្ណោះ។ ប៉ុន្តែមួយរយៈថ្មីៗ នេះមានការលួចបើក ចំនួន ១៨ កន្លែង យើងចុះទៅបិទ ឈានដល់ការអនុវត្តច្បាប់៕