ដោយ៖ បន្ទាយ
បន្ទាយមានជ័យ៖ជននជាតិថៃចំនួន៥នាក់ជាមិត្តនិងគ្នាដែលផ្តើមពីជម្លោះពាក្យសម្តី បានវាយគ្នាបែកក្បាល ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនបាន៣នាក់ លុះទៅឆែកឆេរក្នុងបន្ទប់ សមត្ថកិច្ចរកឃើញមានអាវុធខ្លី៤ដើម កាំបិតសាំម៉ូរ៉ៃ១ និងគ្រឿងញៀនមួយចំនួនធំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងកាលពីថ្ងៃទី១៤ខែកក្កដាថា : កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ មានបុរសជនជាតិថៃ២នាក់ : ១-ឈ្មោះ ផុងភីផាក់ ឆៃឆាត ភេទប្រុស អាយុ២២ឆ្នាំ និង២-ឈ្មោះ បូរមី អាក់សនផុមរាថ អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងជនជាតិថៃដូចគ្នាចំនួន៣នាក់ជាមិត្តនិងគ្នា ផ្តើមពីពាក្យសម្តីតិចតួចបានធ្វើសកម្មភាពវ៉ៃទៅលើជនជាតិថៃម្នាក់បណ្តាលឲ្យបែកក្បាល យកលុយចំនួន៨.០០០បាត និងសៀវភៅឆ្លងដែន(Passport) ១ច្បាប់ ទូរសព្ទអាយហ្វូន១៣-ប្រូមេក១គ្រឿង អគារ១២ជាន់ដី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា: ក្រោយពីទទួលបានព័ត៌មានហើយ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធក្រុង ចុះធ្វើការស្រាវជ្រាវនិងបង្ក្រាបបានជនសង្ស័យទាំង៣នាក់ : ទី១.ឈ្មោះ សាយឈុនវង់អានុ ភេទប្រុសអាយុ៣៤ឆ្នាំ, ទី២.ឈ្មោះ ស៊ុរ៉ាស៊ីត តាំងបូវ៉ូកិត ភេទប្រុសអាយុ២៩ឆ្នាំ និងទី៣.ឈ្មោះ វ៉ងសាក់ថន អាក់ដុនផាន់ឆាក់ឡាផុន ភេទប្រុស អាយុ៣០ឆ្នាំ ។ទាំងបីនាក់ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
កម្លាំងអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លី៤ដើម ១-ម៉ាកឡុក អឹមខេ ២-ម៉ាកRELOចំនួន២ដើម ៣-ម៉ាក M១៩១១ចំនួន១ដើម។កាំបិតសាំម៉ូរ៉ៃ១ដើម កូនកាំបិតស្រួច១ កាំបិតច្នៃរាងប៊ិក១ដើម ដំបងឈើច្នៃ១ គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា និងគ្រាប់ចំនួន១២ថង់តូចមាន៤ប្រភេទ គ្រឿងញៀនប្រភេទពណ៌ក្រហមរូបសេះ ១កញ្ចប់និងសម្ភារមួយចំនួនទៀតបង្ក្រាបបាន ។
ប្រតិបត្តិការនេះនៅថ្ងៃទី១២-១៣ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារ១២ជាន់ដី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័យជាជនជាតិថៃទាំង៣នាក់ និងវត្ថុតាងមួយចំនួនត្រូវបាននាំយកមកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនោះជាប់ពាក់ព័ន្ធ៤ករណី : ទី១-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ទី២-លួចមានស្ថានទម្ងន់ទោស។ទី៣-កាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុអនុញ្ញាត ឬដោយខុសច្បាប់ និងទី៤.រក្សាទុកគ្រឿងញៀនល្មើសច្បាប់។
លោកវរសេនីយ៍ម៉ែន ភិរម្ស មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលផែនយុត្តិធម៌អោយដឹងថា: ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនិតិវិធីដោយកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិថៃ៣នាក់សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១៤កក្កដា ឆ្នាំ ២០២៤ ៕