ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នឹងបន្តស្រាវជ្រាវរកសមាជិកសមាគមចំនួន ២២១ នាក់ដែលចំណាកស្រុកតាមកូនចៅ ឱ្យបានគ្រប់ចំនួនងាយស្រួលក្នុងការគ្រប់គ្រង លើបញ្ហាជីវភាព និងសុខភាពរបស់ពួកគាត់។
ការថ្លែងខាងលើរបស់ប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាមយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តមបានអញ្ជើញចូលរួម អបអរសាទរលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម នៅសាលាខេត្តនេះ នាព្រឹកថ្ងៃទី ១៣ កក្កដាកន្លងទៅនេះ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ ដូចអ្វីដែលឧត្តមសេនីយ៍ទោ ហេង វទ្ធី ជាស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាជិកសមាគមអតីតយុជនកម្ពុជា ខេត្តកំពង់ចាមបានបញ្ជាក់រួចហើយថា បច្ចុបន្នអតីតយុទ្ធជនមាននៅខេត្តកំពង់ចាមសរុបចំនួន ៣.៧៩៨ នាក់ ហើយបានចូលរួមជាសមាជិកសមាគមចំនួន ៣.១២០នាក់ និងមានចំណាកស្រុកចំនួន ២២១ នាក់។
ឯកឧត្តមបានបន្តថា៖ ប៉ុន្តែយើងបាន និងកំពុងស្រាវជ្រាវស្វែងរកពួកគាត់ ដែលកំពុងចំណាកស្រុកតាមកូនចៅទៅធ្វើការងារ នៅខាងក្រៅស្រុកនេះ។ ដើម្បីឱ្យមកចូលជាសមាជិកសមាគមរបស់យើង ងាយស្រួលក្នុងការគ្រប់គ្រង ចំពោះបញ្ហាជីវភាព សុខភាពរបស់ពួកគាត់ ក្មុងចង្កោម សមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាមរបស់យើង៕