ដោយ : បន្ទាយ
ពោធិ៍សាត់ ៖ អ្នកព័ត៌មាន៤នាក់ត្រូវបានអាជ្ញាធរ មានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់និងបញ្ជូនទៅបង្ហាញមុខ សួរចម្លើយនៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងការចុះទៅថតរូបនិងផ្សាយផ្ទាល់(Live) នៅទីតាំងឃ្លាំងគ្រាប់ដែលកងឯកភាពកម្ចាត់មីនកម្ពុជា(CMAC) កំពុងប្រតិបត្តិការបច្ចេកទេស ។
ការឃាត់ខ្លួនធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៤ នៅចំណុចឃ្លាំងគ្រាប់(កប់ដី)នៅចំណុចមួយ(ទ្រូងខ្លា?) ជួរកូនភ្នំបាក់ ជិតមណ្ឌលអប់រំ កែប្រែម-៤ ភូមិសាស្ត្រភូមិជ្រៃក្រឹមឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីខេត្តពោធិ៍សាត់អោយដឹងថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២៤ថា: អ្នកសារព័ត៌មាន៤នាក់នោះ រួមមាន: ១-ឈ្មោះ ប៊ន សំណាង ភេទប្រុស អាយុ៣២ឆ្នាំ អ្នកយកព័ត៌មាន អង្គភាពសារព័ត៌មានពេញចិត្តមេឌា ។២-ឈ្មោះ ប៊ន ប៊ុណ្ណា ភេទប្រុស អាយុ៤២ឆ្នាំ អ្នកយកព័ត៌មាន អង្គភាពសារព័ត៌មានPhally News ។៣-ឈ្មោះ.ជ្រឹង ពៅ ភេទប្រុស អាយុ៤៥ឆ្នាំអ្នកយកព័ត៌មាន អង្គភាពសារព័ត៌មានVOKនិង៤-ឈ្មោះរី ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ អ្នកយកព័ត៌មានអង្គភាពសារព័ត៌មាននាគមាស ។
មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនអ្នកទាំង៤ ខណ:ពួកគេ ប្រើមធ្យោបាយរថយន្តនិងសម្ភារយកព័ត៌មានទៅយកព័ត៌មាន ថតរូបនិងផ្សាយផ្ទាល់(Live) សកម្មភាពរបស់មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីបោសសម្អាតមីននិងយុទ្ធភណ្ឌស៊ីម៉ាក់។
ក្នុងនោះ លោកខូយ រីដា អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ក៏ធ្លាប់អញ្ជើញទៅពិនិត្យទីតាំងដែលប្រតិបត្តិការបច្ចេកទេសលើគ្រាប់យុទ្ធភណ្ឌនិងគ្រាប់មីនដែលកប់ដីនៅជើងភ្នំនោះដែរ ។
មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចអោយដឹងថា: តំបន់នោះត្រូវបានហាមឃាត់សន្តិសុខ សូម្បីពលរដ្ឋ មន្ត្រីនៅភូមិ ឃុំ ស្រុកក្បែរនោះ ក៏មិនអនុញ្ញាតអោយចូលឬឆ្លងកាត់ដែរ។
ប៉ុន្តែអ្នកសារព័ត៌មាន៤នាក់នោះ (២នាក់រស់នៅខេត្តពោធិ៍សាត់និង២នាក់ទៀតរស់នៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យ) បានព្យាយាមចូលទៅតំបន់នោះ ក្នុងហេតុផលថា ទៅផ្តិតយកព័ត៌មានជាក់ស្តែងនៅកន្លែងជីករ៉ែមាស ។
ប្រភពព័ត៌មានអោយដឹងបន្តថា: ក្រោយឃាត់ខ្លួននិងដកហូតបណ្តោះអាសន្នមធ្យោបាយ សម្ភារ នៅនឹងទីតាំងធ្វើសកម្មភាព សមត្ថកិច្ចបានបញ្ជូនពួកគាត់ទៅផ្នែកជំនាញនៃនគរបាលនៅស្នងការដ្ឋានខេត្តពោធិ៍សាត់ ហើយសួរនាំ។ តមកសមត្ថកិច្ចបញ្ជូនមនុស្សទៅអយ្យការអមសាលាដំបូងខេត្តដើម្បីសួរនាំរហូតដល់ល្ងាចថ្ងៃទី១៤ខែកក្កដា នេះ ។
ចំណែកអ្នកសម្របសម្រួលករណីនេះនៅខាងក្រៅ នាថ្ងៃទី១៤ខែកក្កដានេះ បានធ្វើលិខិត”សុំអភ័យទោសជាសាធារណ:” រួមគ្នា១ច្បាប់អោយអ្នកទាំង៤ផ្តិតមេដៃ គោរពជូន លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបញ្ជាក់ថា:”សុំអភ័យទោសជាសាធារណ:ចំពោះកំហុសឆ្គងរបស់យើងខ្ញុំ ដែលបានចុះទៅយកព័ត៌មាន និងធ្វើអោយប៉ះពាល់ដល់តំបន់ហាមឃាត់CMAC និងធ្វើអោយប៉ះពាល់កិត្តិយសដល់ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃខេត្ត “។
លិខិតមានខ្លឹមសារបន្ថែមដូចជូនភ្ជាប់ ។
អ្នកសម្របសម្រួលករណីនេះអោយដឹងថា : ជាក់ស្តែង សមត្ថកិច្ចនគរបាលនិងតំណាងអយ្យការ គ្រាន់តែសួរចម្លើយនិងធ្វើកិច្ចសន្យាលើអ្នកកាសែតទាំង៤រូប ហើយបញ្ជូនទៅ បញ្ជូនមករវាងស្នងការដ្ឋាននិងអយ្យការ ប៉ុន្តែមិនបានដាក់ក្នុងទ្រុងឃាត់ខ្លួនរបស់នគរបាលទេ លើកលែងលែងតែជិះរថយន្តដឹកជនសង្ស័យ ។
មកទល់ល្ងាចថ្ងៃទី១៤ខែកក្កដា ក៏មិនទាន់បានបញ្ជូនខ្លួនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារដែរពោលគឺតម្រុយ នឹងមានការដោះលែងអ្នកកាសែតទាំង៤នាក់វិញ ដោយគ្រាន់តែមធ្យោបាយនិងសម្ភារ នៅមិនទាន់បានប្រគល់អោយវិញភ្លាមៗប៉ុណ្ណោះ ៕