សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពភ្ញៀវទេសចរ ជាចាំបាច់ ដោយបានធ្វើរបាំងងការពារសុវត្ថិភាពសម្រាប់ភ្ញៀវ នៅលើប្រាសាទប្រែរូប ដើម្បីធានាបានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាប្រាសាទ និងទិដ្ឋភាពថ្ងៃរៀបលិច។
ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំគោលដៅប្រាសាទប្រែរូប លោក គឹម បូរា បានឱ្យដឹងថាប្រាសាទប្រែរូប ជាទីតាំងកំពុងទាក់ទាញទេសចរជាច្រើននាក់ ក្នុងមួយថ្ងៃៗ ឱ្យទៅទស្សនារូបចម្លាក់ ជាពិសេសគឺទស្សនាទិដ្ឋភាពថ្ងៃរៀបលិច ដូចជាប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោមដែរ។
លោកថា ដោយសារតែភ្ញៀវទេសចរផ្ដោតការចាប់អារម្មណ៍ខ្លាំងទៅលើក្បូរច្បាច់ចម្លាក់ ប្រាង្គប្រាសាទ និងទិដ្ឋភាពថ្ងៃរៀបលិចដ៏អស្ចារ្យ ពេលខ្លះភ្ញៀវមួយចំនួន ក៏ភ្លេចខ្លួន ដើរហួសទីសុវត្ថិភាពបណ្តាលឱ្យធ្លាក់ចុះក្រោម ឬបង្កជាគ្រោះថ្នាក់ផ្សេងៗ។ ដូច្នេះហើយបានជាអាជ្ញាធរជាតិអប្សរា រៀបចំធ្វើជារបាំង ដើម្បីការពារសុវត្ថិភាពជាចាំបាច់។
លោក បូរា បញ្ជាក់ថា ការដាក់របាំងសុវត្ថិភាព គឺវាអាចជួយការពារសុវត្ថិភាពភ្ញៀវទេសចរបានច្រើន ពីព្រោះពេលណាភ្ញៀវដើរទៅកៀកនឹងកន្លែងគ្រោះថ្នាក់ គឺត្រូវប៉ះរបាំងសុវត្ថិភាពនេះជាមុន ហើយវាអាចពញ្ញាក់អារម្មណ៍ភ្ញៀវឱ្យប្រុងប្រយ័ត្នឡើងវិញ។
នៅប្រាសាទប្រែរូប បច្ចុប្បន្ន ក្រៅពីរបាំងសុវត្ថិភាព ក៏មានដាក់ស្លាកសញ្ញាឱ្យប្រុងប្រយ័ត្ន ព្រមទាំងមានភ្នាក់ងារប្រចាំការនៅទីនេះ រៀបចំនិងជួយណែនាំដល់ភ្ញៀវទេសចរបន្ថែមទៀត។
ប្រាសាទប្រែរូប ក្រៅពីមានរូបចម្លាក់សិល្បៈស្អាត មានកន្លែងគយគន់ថ្ងៃរៀបលិច ក៏មានខ្យល់ អាកាសត្រជាក់ មានព្រៃឈើនៅព័ទ្ធជុំវិញពណ៌បៃតងខ្ចីត្រជាក់ភ្នែក ជាពិសេសនៅពេលល្ងាច ក៏អាចស្ដាប់សំឡេងសត្វបក្សាបក្សីយំឆ្លងឆ្លើយគ្នា ធ្វើឱ្យអារម្មណ៍ដែលកំពុងនឿយហត់ បានរំសាយធូរស្បើយផងដែរ៕
អត្ថបទនិងរូបភាព៖ យី សុថា និងភោគ ជា