កម្សាន្ដ

ឆមាសទី១ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានចូលមកលេងខេត្តកែបមានជាង៨១ម៉ឺននាក់

កែប÷ រយ:ពេល៦ខែដើមឆ្នាំ២០២៤ ខេត្តកែបដែលមានសក្តានុពលចម្បងផ្នែកវិស័យទេសរណ៍បានទទួលភ្ញៀវចូលមកលេងកម្សាន្ត និងស្នាក់នៅប្រមាណជាង៨១ម៉ឺននាក់។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឲ្យដឹងថា អំឡុងឆមាសទី១ឆ្នាំ២០២៤ ខេត្តកែបបានទទួលភ្ញៀវទេសចរមកលេងកម្សាន្ត និងស្នាក់នៅប្រមាណជាង៨១ម៉ឺននាក់។ ក្នុងនោះទេសចរបរទេសមានជាង១ម៉ឺននាក់។ ចំនួននេះបានកើនឡើងប្រមាណ១៧,២០ភាគរយបើប្រៀបធៀបនឹងឆមាសទី១ឆ្នាំ២០២៣។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកែបមានគោលដៅទាក់ទាញទេសចរ និងរមណីយដ្ឋានគ្រប់ប្រភេទ៤២កន្លែង។ មណ្ឌលកម្សាន្តទាំងនោះបានបែងចែកជា៤តំបន់ធំៗ រួមមាន តំបន់ក្រុងកែបចាស់ តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះដែលជាជម្រើសដ៏សម្បូរបែបសម្រាប់ភ្ញៀវ។ ក្នុងបំណងរក្សា ក៏ដូចជាជំរុញឲ្យមានកំណើនទេសចរ រដ្ឋបាលខេត្តកែបបានយកចិត្តទុកដាក់អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបញ្ហាអនាម័យបរិស្ថាន សោភ័ណភាពទីក្រុង សួនច្បារ ឆ្នេរខ្សាច់កម្សាន្ត និងតំបន់កោះជាដើម៕