សេដ្ឋកិច្ច

ក្រុមហ៊ុន យូ.អេស.អ.វី គ្រុប ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនប៊ីហ្សខ្មែរ ឌីជីថល មេឌា

ដោយ៖ ស-សម្បត្តិ

ភ្នំពេញ៖ ក្រុមហ៊ុន U.S.R.V GROUP Co., Ltd បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ប៊ីហ្សខ្មែរ ឌីជីថល មេឌា Co., Ltd. ដើម្បីរួមគ្នាចាប់ជាដៃគូគាំទ្រនិងជំរុញការអភិវឌ្ឍអាជីវកម្មឲ្យគ្នាទៅវិញទៅមកឲ្យកាន់តែរីកចម្រើនបានឆាប់រហ័ស។ ពិធីនេះគឺបានធ្វើឡើងនៅក្រុមហ៊ុនU.S.R.V GROUP នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។

ឯកឧត្តម អ៊ុំ សារ៉ាវុធ ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន U.S.R.V GROUP បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនUSRV Group និងក្រុមហ៊ុន BizKhmer Digital Media នៅពេលនេះ គឺអាចចាត់ទុកបានថា ជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តមួយសម្រាប់ក្រុមហ៊ុនទាំងពីរ។

ផ្តើមចេញលើមូលដ្ឋាននៃការចុះអនុស្សរណៈនេះ ក្រុមហ៊ុនទាំងពីរនឹងបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្តយូរអង្វែងក្នុងកិច្ចសហការដ៏ល្អនិងរិះរកគ្រប់វិធីជំរុញការអភិវឌ្ឍអាជីវកម្មឲ្យគ្នាទៅវិញទៅមកឲ្យមានការរីកចម្រើលឿនទៅមុខ។ ជាពិសេសលើការផ្តល់សេវារបស់ក្រុមហ៊ុន BizKhmer Digital Media ដែលជាក្រុមហ៊ុនបម្រើទីផ្សារឌីជីថល និងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា។

ឯកឧត្តមបានបន្តថា លើសពីនេះក្រុមហ៊ុននឹងផ្លាស់ប្តូរបទពិសោធល្អៗជាគន្លឹះជាមួយគ្នាទៅវិញទៅមកធ្វើយ៉ាងណាឲ្យបានជិតស្និទ្ធនិងស៊ីជម្រៅទៅលើគ្រប់ផ្នែកក្នុងការធ្វើអាជីវកម្មដែលយើងកំពុងមានស្រាប់និងផែនការបង្កើតអាជីវកម្មថ្មីៗបន្ថែមទៀតរបស់ក្រុមហ៊ុនទាំងពីរដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវប្រសិទ្ធភាពនិងផលប្រយោជន៍រួមទាំងអស់គ្នា។

ឯកឧត្តម អ៊ុំ សារ៉ាវុធ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន U.S.R.V GROUP ដែលផ្តោតជាសំខាន់លើភ្នាក់ងារសេវាកម្មពន្ធដារ គឺបានចុះបញ្ជីជាផ្លូវការតាំងតែពីឆ្នាំ២០១៥។ មកដល់ពេលនេះក្រុមហ៊ុនបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ដោយបានបង្កើតឲ្យមាននូវក្រុមហ៊ុនសំខាន់ៗជាច្រើនសម្រាប់ផ្តល់នូវសេវាកម្មចំណុះឲ្យក្រុមហ៊ុនU.S.R.V ។ ក្នុងនោះរួមមានដូចជា៖ ការប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ សេវាកម្មគណនេយ្យ សវនកម្ម ការចុះបញ្ជី ការបិទអាជីវកម្ម និងការស្នើសុំអាជ្ញាបណ្ណអាជីវកម្មផ្សេងៗ , ក្រុមហ៊ុនអចលនទ្រព្យនិងសំណង់, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមអនឡាញ Cambodia Flash News , សេវាកម្មទាក់ទងទៅនឹងវិស័យដឹកជញ្ជូន និងការិយាល័យមេធាវីដើម្បីបម្រើដល់អតិថិជនជាពិសេសគឺដៃគូវិនិយោគទាំងក្នុងប្រទេសនិងក្រៅប្រទេស។

លោក យ៉ន សុភារិត ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន BizKhmer Digital Media បានបញ្ជាក់ថា ការចុះអនុស្សណៈយោគយល់គ្នារវាងក្រុមហ៊ុន U.S.R.V GROUPនិងក្រុមហ៊ុន BizKhmer Digital Media នាពេលនេះគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនយើងទាំងពីរក្នុងបរិបទបច្ចុប្បន្នដែលបច្ចេកវិទ្យាកំពុងតែដើរតួនាទីយ៉ាងសំខាន់ជាពិសេសគឺនៅក្នុងការធ្វើអាជីវកម្មគ្រប់ប្រភេទ។

លោកបានឲ្យដឹងថា ក្រុមហ៊ុន BizKhmer Digital Media គឺបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០១៦ ដែលមានសមាសភាពថ្នាក់ដឹកនាំនិងក្រុមការងារភាគច្រើនគឺមានវ័យក្មេង ដែលមានចំណេះជំនាញនិងបទពិសោធច្បាស់លាស់ស៊ីជម្រៅនិងមានអ្នកខ្លះមកពីធ្វើការនៅបរទេស។ នៅឆ្នាំ២០១៧ យើងបានអភិវឌ្ឍន៍ខ្លួនដោយបានដាក់ចេញនូវសេវាកម្ម Digital Marketing។

លោក យ៉ន សុភារិត បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា BizKhmer Digital Media  គឺជាក្រុមហ៊ុនទីផ្សារឌីជីថល នាំមុខគេមួយផ្ដោតទៅលើដំណោះស្រាយឌីជីថល ម៉ាឃិធិង និងប្រ៊ែនឌីង និងការបណ្ដុះបណ្ដាលជំនាញម៉ាឃិធិង ដែលផ្តល់ជូននូវសេវាកម្មជាច្រើនប្រភេទ ដើម្បីធ្វើយ៉ាងណាជួយឲ្យអាជីវកម្មឱ្យរីកចម្រើនទាំងម៉ាកយីហោ និងយុទ្ធសាស្ត្រទីផ្សារ។

លោកក៏បានឲ្យដឹងផងដែរថា ក្រុមអ្នកជំនាញដែលមានបទពិសោធរបស់ក្រុមហ៊ុន នឹងជួយដល់អាជីវកម្មក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារឌីជីថលដែលមានប្រសិទ្ធភាព ដែលនាំមកនូវលទ្ធផលសម្រាប់ការធ្វើទីផ្សារតាមបណ្ដាញសង្គម បង្កើតគេហទំព័រនិងកម្មវិធីទូរសព្ទដៃ ផ្សព្វផ្សាយដោយប្រើពាក្យគន្លឹះ Google Ads & SEO ការធ្វើទីផ្សារតាមរយៈសារទូរសព្ទដៃនិងសេវាកម្មប្រឹក្សាយុទ្ធសាស្ត្រទីផ្សារ៕/