ព័ត៌មានជាតិ

បុណ្យ​ផ្កាប្រាក់មហាសាមគ្គី​នៅវត្តគីរីជុំចម្ការខ្នុរ​ខេត្តបន្ទាយមានជ័យរកបច្ច័យទៅកសាងសមិទ្ធផលនៅវត្តខ្មែរទាំង៩នៃដែនដីពុទ្ធភូមិឯប្រទេសឥណ្ឌានិងនេប៉ាល់

ដោយ ៖បន្ទាយ

បន្ទាយមានជ័យ ៖ ​ នៅវត្តគិរីជុំចម្ការខ្នុរ​ ស្ថិតនៅក្នុងភូមិ/សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ព្រះសម​ណ:ញាណ​ ណាប់​ ម៉ឺន​ ព្រះបាឡាត់គណខេត្ត​  ព្រមទាំងមន្ត្រីសង្ឃគណខេត្ត អនុ ស្រុកក្រុងនិងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី​មួយកាលពីថ្ងៃទី៦-៨ខែកក្កដា​ ឆ្នាំ២០២៤។

នោះគឺក្នុងគោលបំណងប្រមូលបច្ច័យទៅកសាងនៅវត្តខ្មែរទាំងប្រាំបួន​ នៅដែនដីពុទ្ធភូមិ ឬទីព្រះកំណើត ត្រាស់ដឹង ការផ្សាយធម៌និងចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធនៅប្រទេសឥណ្ឌា​ និងប្រទេសនេប៉ាល់។

ព្រះសមណៈញាណ​ ណាប់​ ម៉ឺន​ ព្រះបាឡាត់គណខេត្តនិងជាព្រះគ្រូចៅអធិការវត្តគិរីជុំចម្ការខ្នុរបានមាន​សង្ឃដីកាថា​ : វត្តខ្មែរទាំង៩ នៅដែនដីពុទ្ធភូមិខាងលើមានព្រះសង្ឃខ្មែរគង់បដិបត្តធម៌ដូចមានជារហូតមក ប៉ុន្តែបាននិងកំពុងជួបប្រទះនូវការខ្វះខាតដ៏ធ្ងន់ធ្ងរ មិនធ្លាប់មានមក។

វត្តខ្មែរនីមួយៗស្ថិតនៅទីស្ថានដែលព្រះពុទ្ធអង្គទ្រង់ប្រសូត, ទ្រង់បានត្រាស់ដឹង​ ,ទ្រង់សម្ដែងនូវ​ព្រះធម៌​ ធម្មចក្តប្បវត្តនសូត្រ​  ,ទ្រង់សម្ដែង លោកបាដិហារ្យ​ ៣៥.០០០បដិហារ្យ​ ,សម្ដែងនូវឱវាទបាតិមោក្ខ​ និងព្រះពុទ្ធសម្តែង​នូវ​រតនៈ​សូត្រ​ និងព្រះអង្គយាងចូលបរិនិព្វាន។ល។

សូមរំលឹកថា​ សមិទ្ធផលនៅវត្តខ្មែរទាំង៩ នោះ ធ្លាប់ទទួលបានការផ្តួចផ្តើម ចាត់ចែង ដឹកនាំដោយស្ថាបនិកគឺព្រះទេវសត្ថា​ បណ្ឌិត​ ពឿយ​ មេត្តា​ អតីតព្រះគ្រូចៅអធិការវត្តទាំង៩នោះ ។

តែសមិទ្ធផលទាំងនោះពុំមានជាសម្បត្តិឯកជនរបស់ព្រះអង្គឬបុគ្គលណាទេ គឺទុកជាសម្បត្តិជាតិ​ សម្បត្តិព្រះពុទ្ធសាសនា​ និងជាមរតកតំណាងខ្មែរយើងក្នុងទីស្ថានអ្នកកាន់ព្រះពុទ្ធសាសនានិងតួនាទីធ្វើសក្ការបូជាជាទីស្នាក់អាស្រ័យរបស់ ព្រះភិក្ខុសង្ឃ​ ពុទ្ធសាសនិកខ្មែរ​ គ្រប់ៗរូបទាំងក្នុងនិងក្រៅប្រទេស​ ។

គួរបញ្ជាក់ថា​ :ក្នុងពិធីបុណ្យផ្កាប្រាក់នោះ អង្គាសបច្ច័យដែលទទួលបានជាង​ ១៨លានរៀល​។

ចំណែកឯការចំណាយផ្សេងៗក្នុងកម្មវិធីដូចជាចង្ហាន់​ ភេសជ្ជៈ​ …គឺជា​គឺជាសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទនិងសប្បុរសជនជាក្រុមអាជីវករទាំងឡាយ ៕