ព័ត៌មានជាតិ

ជូនដំណើរគ្រូស្ម័គ្រចិត្តជនជាតិចិនដែលបង្រៀនភាសាចិននៅសាលារៀនផីឆឹងខេត្តបន្ទាយមានជ័យវិលត្រឡប់ទៅប្រទេសចិនវិញ

ដោយ : បន្ទាយ

បន្ទាយមានជ័យ : សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានលោកឆាន់ ប៊ុនម៉ាន់ ជាប្រធាននិងសាលារៀនខ្មែរ ចិនផីឆឹង នៅក្រុងសិរីសោភ័ណ ដឹកនាំដោយនាយិកាស៊ីម យ៉ារី  និងចូលរួមដោយទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកបានរៀបចំពិធីថ្លែងអំណរគុណ លាងសាយភោជន៍និងជូនដំណើរគ្រូស្ម័គ្រចិត្តជនជាតិចិនដែលបង្រៀនភាសាចិនចំនួន៥រូបមកពីរដ្ឋធានីប៉េកាំងនិងខេត្ត៤ទៀតនៃប្រទេសចិន ដែលបញ្ចប់ការបង្រៀន១ឆ្នាំ/បេសកកម្មរយ:ពេល២ឆ្នាំ ក្នុង១លើកៗ ហើយត្រូវធ្វើមាតុភូមិនិវត្តន៍ ។

នេះបើតាមអ្នករៀបចំនៃសមាគមនិងសាលារៀនខាងលើអោយដឹងកាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៤ ។

កាលពីរាត្រីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤  បានរៀបចំពិធីថ្លែងអំណរគុណ ជូនលិខិតថ្លែងអំណរគុណ កម្មវិធីលាងសាយភោជន៍។មកដល់ថ្ងៃទី០៨ខែកក្កដា បានរៀបចំជូនដំណើរដើម្បីជិះយន្តហោះ ទៅកាន់ប្រទេសចិនវិញ ។

លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យមានប្រសាសន័ថា: សាធារណរដ្ឋប្រជាមានិតចិន តាមរយ:ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានសម្របសម្រួលនិងបញ្ជូនគ្រូស្ម័គ្រចិត្តជនជាតិចិនមកបង្រៀនភាសាចិននៅគ្រឹះស្ថានសិក្សាគ្រប់កម្រឹតនានា រួមទាំងសាលារៀនផីឆឹង (ខ្មែរ ចិន) នៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យផងដែរ។សាលារៀននេះ ធ្លាប់ទទួលគ្រូបង្រៀនភាសាចិនបែបនេះច្រើនលើករួចមកហើយ ។

សូមបញ្ចាក់ថា គ្រូស្ម័គ្រចិត្តជនជាតិចិនក្នុងម្នាក់ៗបេសកកម្មទៅបង្រៀនក្នុង១លើកៗនៅទីតាំងនិងប្រទេសណាមួយចំនួន២ឆ្នាំ ។ ពេលបញ្ចប់រយ:ពេល១ឆ្នាំ គ្រូស្ម័គ្រចិត្តអាចវិលទៅស្រុកកំណើតមួយរយ:ពេល  រួចទើបវិលមកជាថ្មីនៅទីតាំងនិងប្រទេសដដែល ឬទីតាំងនិងប្រទេសថ្មី ។

ក្នុងនាមសមាគមនិងសាលារៀន  លោកឆាន់ ប៊ុនម៉ាន់បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ប្រជាជនចិន និងស្ថានទូតចិនប្រចាំកម្ពុជាក៏ដូចជាឪពុកម្តាយ អាណាព្យាបាលនិងសាម៉ីខ្លួនគ្រូស្ម័គ្រចិត្តជនជាតិចិនដែលបានបញ្ជូននិងបរិច្ចាគធនធានមនុស្សមកជួយបណ្តុះបណ្តាលភាសាចិនដល់សិស្សានុសិស្សដោយឥតគិតថ្លៃនៅខេត្តបន្ទាយមានជ័យ ក៏ដូចនៅប្រទេសកម្ពុជាដើម្បីអោយចំណេះដឹងភាសាអន្តរជាតិដែលចាំបាច់មួយនេះ មានគុណភាពនិងស្តង់ដា។

ក្នុងនោះកន្លមក សមាគមនិងសាលាក៏បានទទួលបានការឧបត្ថម្ភពីភាគីចិន អោយគ្រូបង្រៀនជនជាតិខ្មែរចំនួន៣០នាក់ទៅបណ្តុះបណ្តាលជាបន្តបន្ទាប់រយ:ពេលខ្លី មធ្យមនិងវែងនៅប្រទេសចិនផងដែរ ។

សូមបញ្ជាក់ថាសាលារៀនផីឆឹង ជាចំណេះទូទៅឯកជនពេញម៉ោង(Full Time) និងក្រៅម៉ោង(Part Tome)ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡាប្រទេសកម្ពុជានិងក្រសួងអប់រំចិន ។

សាលាមានគ្រូបង្រៀនជាជនជាតិខ្មែរ ជនជាតិបរទេស ពិសេសគឺគ្រូជនជាតិចិន ដែលប្រទេសចិនតាមរយ:ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជូនមកជួយបង្រៀនផងដែរ ។

បច្ចុប្បន្នសាលាស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ មានអគារសិក្សា២ខ្នង ស្មើ២៤បន្ទប់ ហើយស្របតាមនិយាមគរុកោសល្យ មានសម្ភារបរិធានឧបទ្ទេស មានកម្មវិធីសិក្សាច្បាស់លាស់ ហើយទាន់សម័យ ។

ក្នុងនោះ មានបុគ្គលិកសិក្សា១៧នាក់.សិស្សជិត៣០០នាក់ ដែលចែកជាថ្នាក់ចំណេះទូទៅ ភាសាចិនអង់គ្លេសពេញម៉ោង  ថ្នាក់ភាសាចិនក្រៅម៉ោង ហើយ សិស្សបានកើនឡើង នាឆ្នាំនេះ ។

ឯប្រតិទិនសិក្សាគឺពេញ១២ខែនៃឆ្នាំសិក្សាតែម្តង(ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ជាឆ្នាំចាស់និងដល់ខែតុលា ជាឆ្នាំថ្មីប៉ុន្តែការសិក្សា១សប្តាហ៍តែ៥ថ្ងៃគឺពីថ្ងៃចន្ទដល់ថ្ងៃសុក្រប៉ុណ្ណោះ ។

ជាលទ្ធផលនៃការសិក្សាសិស្សគឺមត្តេយ្យសិក្សានិងបឋមសិក្សាជាប់៩៧,៩១% ។

គ្រូស្ម័គ្រចិត្តជនជាតិចិនវ័យក្មេងមកបង្រៀនភាសាចិនទាំង៥រូប ( អ្នកគ្រូអ៊ូ ឈីលីន មកពីខេត្តម៉ុហ្គោលីក្នុងតំបន់ស្វ័យ័តជនជាតិម៉ុហ្គោល,អ្នកគ្រូជូ ជីងអាន មកពីខេត្តក្វាងស៊ីតំបន់ស្វ័យ័តជនជាតិជុង ,អ្នកគ្រូយ៉ាង ជឺអ៊ី និងអ្នកគ្រូវ៉ាង ស៊ី មកពីខេត្តហ៊ឺណាន ,អ្នកគ្រូវ៉ាង ចឹង មកពីរាជធានីប៉េកាំង) ក៏បង្ហាញមនោសញ្ចេតនាដឹងគុណនិងទឹកចិត្តគោរពស្រឡាញ់ រាប់អានដ៏ជ្រាលេជ្រៅរបស់ពួកគាត់ជាមួយប្រធាន អនុប្រធាន ទីប្រឹក្សា សមាជិកសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យនិងនាយិកា នាយករង លោកគ្រូអ្នកគ្រូ នៃសាលារៀនផីឆឹង ដែលទុកដូចជាឪពុកម្តាយ អាណាព្យាបាល ជាសាច់ញាតិ។

ដោយបានផ្តល់កន្លែងស្នាក់នៅ ការហូបចុក មើលថែរក្សាយ៉ាងស្និទ្ធស្នាល រាក់ទាក់ កក់ក្តៅដូចក្នុងគ្រួសារតែមួយ ។

អ្នកគ្រូក៏សូមអរគុណនិងជូនពរអោយសិស្សានុសិស្សដែលទទួលការបង្រៀនពីពួកខ្លួននិងគ្រូបង្ក្រៀនជនជាតិខ្មែរ  សូមបន្តខិតខំព្យាយាមរៀនសូត្រអោយបានចេះចាំ មានចំណេះដឹង មានជំនាញដើម្បីអនាគតរុងរឿង.។

ចុងក្រោយទាំងខាងសមាគម សាលារៀននិងគ្រូស្ម័គ្រចិត្តបានឧទ្ទិសនូវកិច្ចខិតខំរបស់ពួកខ្លួនដើម្បីថែក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អផូរផង់ដែលមានតាំងពីយូរលង់មកហើយរវាងប្រជាជននិងថ្នាក់ដឹកនាំកម្ពុជា- ចិនអោយរឹងរឹតតែរីកចម្រើន រឹងមាំ រុងរឿងនិងរីករាយរៀងរហូតតទៅទៀត ៕