អន្តរជាតិ

ទាហានអាមេរិកនៅញូវយ៉កធ្វើតេស្តយន្តហោះគ្មានមនុស្សបើកទំហំតូចបំផុតអាចដាក់ក្នុងហោប៉ៅបានដំបូងគេ

ដោយ៖តារា

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារ Task & Purpose បានឲ្យដឹងថា ទាហានអាមេរិកនៅរដ្ឋញូវយ៉កកំពុងសាកល្បងធ្វើតេស្តយន្តហោះគ្មានមនុស្សបើកដែលមានទំហំតូចបំផុតមួយហើយអាចដាក់ក្នុងហោប៉ៅបាន។ ទាហានអាមេរិកគ្រប់រូបសង្ឃឹមថាថ្ងៃណាមួយយន្តហោះគ្មានមនុស្សបើកដ៏តូចបំផុតមួយនេះនឹងក្លាយជាទម្លាប់ធម្មតាសម្រាប់ការប្រើប្រាស់នៅក្នុងជួរកងទ័ពរបស់ខ្លួន។

ទាហានអាមេរិកនៅរដ្ឋញូវយ៉កបានក្លាយជាអង្គភាពដំបូងគេដែលបានហ្វឹកហាត់សាកល្បងប្រើយន្តហោះគ្មានមនុស្សបើកស៊េរី Black Hornet 3 ដែលជាយន្តហោះគ្មានមនុស្សបើកខ្នាតតូចអាចហោះហើរបានប្រហែល ២៤ នាទី និងត្រូវការឧបករណ៍តិចតួចដើម្បីប្រតិបត្តិការ។

យន្តហោះគ្មានមនុស្សបើកតូចៗ ដែលបានដាក់ពង្រាយជាមួយអង្គភាពយោធាអាមេរិកដូចជាកងពលធំទ័ពអាកាសទី ៨២ វាមានទំហំតូច និងមានទម្ងន់ស្រាលគ្រប់គ្រាន់ដែលទាហានតែម្នាក់អាចផ្ទុកយន្តហោះគ្មានមនុស្សបើក និងឧបករណ៍បញ្ជារួមទាំងថ្មសាកដែលត្រូវការសម្រាប់ដំណើរការប្រព័ន្ធនេះ ជាផ្នែកមួយសម្រាប់ស្តង់ដាប្រយុទ្ធប្រកបដោយភាពវៃឆ្លាត។ នៅពេលដែលវាហោះហើរលើអាកាស ឧបករណ៍នេះអាចបញ្ជូនរូបភាពជាវីដេអូដោយផ្ទាល់ និងរូបភាព HD នៃតំបន់ជុំវិញបរិវេណទីនោះថែមទៀតផង។

អង្គភាពយោធាដែលជាប់កាតព្វកិច្ចសកម្មមួយចំនួនបានចាប់ផ្តើមប្រើយន្តហោះគ្មានមនុស្សបើកនៅឆ្នាំ ២០១៩ ទ័ពពិសេសអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានតាំងពីបីឆ្នាំមុន។ របាយការណ៍បានកត់សម្គាល់ថា កងទ័ពសង្ឃឹមថាឧបករណ៍តូចៗនឹងផ្តល់ឲ្យទាហានសរុបទាំងអស់ ៧០០០នាក់ក្នុងពេលឆាប់ៗនេះ។

“យន្តហោះគ្មានមនុស្សបើកខ្នាតតូចគឺជាប្រព័ន្ធមួយសម្រាប់ជួយដល់ទាហានអាចត្រួតពិនិត្យមើលលើតំបន់ដែលជាគោលដៅដ៏គួឲ្យចាប់អារម្មណ៍ ឬតំបន់ដែលពួកគេមិនអាចទៅដល់បាន ដោយសារតែដី ពេលវេលា ឬទីតាំងរបស់សត្រូវ។ យន្តហោះគ្មានមនុស្សបើកក៏នឹងជួយផ្តល់លទ្ធភាពដល់កងទ័ពអាមេរិកដឹងពីការតាមដានរបស់សត្រូវ” លោក វរសេនីយ៍ទោ Gary Barney មេបញ្ជាការកងវរសេនាតូចទី ២៧ របស់ IBCT កងវរសេនាធំទ័ពសេះទី ១០១ បានប្រាប់អ្នកយកព័ត៌មាន Task យ៉ាងដូច្នេះ។

លោក Sgt. Andy Huang បានធ្វើការកត់សម្គាល់បន្ទាប់ពីការហ្វឹកហាត់ថា យន្តហោះគ្មានមនុស្សបើកមាន “ទំហំតូចហើយស្រាលហើយបើទោះបីជាវាហោះក្នុងល្បឿនខ្ពស់ប៉ុនណាក៏គេមិនអាចឮសំឡេងវាទេ” ។លោក Huang បាននិយាយថា៖ “ដូច្នេះវាអាចថតយករូបភាពបានជាច្រើនហើយសត្រូវមើលមិនឃើញវាទេ”។

យន្តហោះគ្មានមនុស្សបើកនៅមានចំណុចខ្វះខាតមួយចំនួន ដូចជាថ្មមិនសូវរក្សាថាមពលបានយូរ និងសមត្ថភាពនៅមានកម្រិតក្នុងការធ្វើសមយុទ្ធនៅក្នុងស្ថានភាពដែលមានខ្យល់កន្រ្តាក់ខ្លាំង ទាហានអាមេរិកបានសម្តែងសុទិដ្ឋិនិយមអំពីសមត្ថភាពរបស់វានាពេលអនាគតចំពោះការប្រើប្រាស់ប្រកបដោយវិសាលភាពទូលំទូលាយ។

“សម្រាប់ពួកយើងក្នុងការសង្កេតយកការណ៍ គឺវាធ្វើឲ្យកាន់តែងាយស្រួលនៅក្នុងការកំណត់គោលដៅ ជាពិសេសជាមួយនឹងកាំភ្លើងត្បាល់”។

លោក Jeffrey Anicet អ្នកឯកទេសកាំភ្លើងធំគាំទ្រនៃកងវរសេនាតូចទី ១ នៃកងវរសេនាធំកាំភ្លើងធំទី ២៥៨ បាននិយាយថា “នៅពេលធ្វើការជាមួយយន្តហោះប្រភេទនេះយើងអាចទម្លាក់លេខកូអរដោណេបាន”៕