ដោយ :បន្ទាយ
បន្ទាយមានជ័យ :៖ គណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យចាត់វិធានការម៉ឺងម៉ាត់ហាមឃាត់ការនាំចូល ផលិតនិងប្រើប្រាស់ផលិតផលសម្រេចពីស្លឹកក្រាធំ ដែលបារម្ភមានសារធាតុញៀន ។
នេះបើតាមមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចឲ្យដឹងកាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៤ បន្ទាប់ពីប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យប្រចាំខែមិថុនា ទិសដៅខែកក្កដាឆ្នាំ ២០២៤ ។
លោកអ៊ុ រាត្រី អភិបាលនិងជាប្រធានគណ:បញ្ជារការកងឯកភាពរដ្ឋបាលខេត្ត បន្ទាយមានជ័យមានប្រសាសន៍ថា: សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញអោយក្រសួងមហាផ្ទៃនិងខេត្ត រាជធានីត្រួតពិនិត្យជាបន្ទាន់នៅក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចខ្លួន ថាតើមានករណីនាំចូល កែច្នៃផលិតនិងចែកចាយ ប្រើប្រាស់ផលិតផលពីស្លឹកក្រាធំឬក៏អត់? បើមានត្រូវចាត់វិធានការហាមឃាត់បន្ទាន់ ។
លោកបន្តថា: បន្ទាប់ពីអនុសាសន៍ សម្រាប់ខេត្តបន្ទាយមានជ័យ លោកនិងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានស៊ើបអង្កេត ស្វែងរក ហើយបានរកឃើញកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ លោកអ៊ុ រាត្រី អភិបាលខេត្តនឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រុង បន្តចុះត្រួតពិនិត្យ ស្រាវជ្រាវរកទីតាំងផលិតនឹងលក់ទឹកក្រាធំទាំងក្នុងរូបភាពសម្ងាត់ ទាំងរូបភាពចំហ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ការចុះនោះ ទទួលបានលទ្ធផល ៣ ទីតាំង :១- នៅសង្កាត់ប៉ោយប៉ែត មាន ៤ទីតាំង , សង្កាត់ផ្សារកណ្តាល មាន៤ទីតាំង និងសង្កាត់អូរជ្រៅ មាន ១ទីតាំង ហើយរកឃើញនូវវត្ថុធាតុដើមស្លឹកក្រាធំ មធ្យោបាយ ឧបករណ៍ សម្ភារ កម្លាំងពលកម្ម និងផលិតផលទឹកផលិត(ស្ងោរ ចម្រាញ់) ពីស្លឹកក្រាធំជាច្រើន។ក៏រកឃើញនូវទីតាំងលក់ចែកចាយធំដែលមានកុំព្យួទ័រ មានបង្ហាញរូបមន្តនៃធាតុផ្សំផលិតជារបស់ជនជាតិខ្មែរ ថៃនិងផលិតផលនេះជាច្រើនផងដែរ។
លោកអ៊ុ រាត្រី បានបន្តថា: ចំពោះមុខ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការ :ទី១- បិទទីតាំងផលិត ២-រឹបអូសវត្ថុតាង ៣-មន្ត្រីមានសមត្ថកិច្ច ពិសេសគយនិងរដ្ឋាការត្រូវត្រួតពិនិត្យនិងហាមឃាត់ការនាំចូលវត្ថុធាតុដើមស្លឹកក្រាធំពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ,ច្រកតំបន់ព្រំដែន២ទៀតនិងកងកម្លាំងការពារព្រំដែនចាត់វិធានការទប់ស្កាត់ការនាំចូលស្លឹកក្រាធំនៅតាមច្រករបៀងនានា។
៤-ឯម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធនាំចូល ផលិត នៅមិនទាន់ត្រូវចាប់ខ្លួនឬកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយទេ គឺគ្រាន់តែអោយធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។
៥-អាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងចំណុះគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្ត ស្រុកក្រុងនិងនៅព្រំដែនត្រូវបន្តស្រាវជ្រាវនិងបង្ក្រាបរាល់ទីតាំងផលិត កែច្នៃផ្សេងទៀត ។
ចំពោះវិធានការនិតិវិធី ត្រូវរង់ចាំលទ្ធផលនៃពិសោធន៍ជាតិលើស្លឹកក្រាធំនិងផលិតផលវាសិន ថាតើ បានបន្សំសារធាតុញៀនកម្រិតណា ហើយជាកម្រិតត្រូវហាមឃាត់និងចាត់វិធានការច្បាប់ ។
សូមរំលឹកថា បើយោងអ្នកប្រើប្រាស់(ពិសា)ផលិតផលពីស្លឹកក្រាធំនិងអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសុខាភិបាលអោយដឹងថា: ការប្រើប្រាស់ផលិតផលចម្រាញ់ពីស្លឹកក្រាធំនេះ ព័ត៌មានបឋមថាវាមានផលវិបាកឬផប្រយោជន៍ដូចជា :១-ធ្វើឲ្យមានកម្លាំងខ្លាំង ហ៊ាន ឡើងកាច ២-ធ្វើឲ្យអត់ងុយដេក ៣-ធ្វើឲ្យមានអារម្មណ៍សប្បាយជាដើម៕