សេដ្ឋកិច្ច

រាជរដ្ឋាភិបាលលើកទឹកចិត្តសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម

ដោយ៖ប្រសិទ្ធ

ភ្នំពេញ៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ)កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាឲ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលបានសម្រេចលើវិធានការលើកទឹកចិត្តដល់សមាជិកសមាគមអ្នកអភិវឌ្ឍន៍កម្ពុជា រួមមានដូចខាងក្រោម៖

១.មិនអនុវត្តពិន័យអន្តរការណ៍ចំពោះសមាជិកសមាគមអ្នកអភិវឌ្ឍន៍កម្ពុជារហូតដល់ការអនុគ្រោះបង់ពន្ធជាកញ្ចប់ ត្រូវបានបញ្ចប់។

២.ពន្យារពេលការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ដែលមានបច្ចេកទេសខ្ពស់ និងត្រូវការពេលសិក្សាឈ្វេងយល់ រួមមាន៖ ១).កាតព្វកិច្ចអនុវត្តស្តង់ដាគណនេយ្យជាធរមាន និង២).កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។

៣.ត្រូវអនុវត្តកាតព្វកិច្ចរួមមាន៖ កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក (ន.គ.ស.) ជាកំហិត។

៤.គួរមានឆន្ទៈ និងមានផែនការច្បាស់លាស់ក្នុងការចូលរួមសិក្សា ស្រាវជ្រាវ និងចូលរួមការបណ្តុះបណ្តាលស្តង់ដាបច្ចេកទេស ដែលរៀបចំដោយ (ន.គ.ស.) និងគ្រឹះស្ថានបណ្តុះបណ្តាលដែលមានការទទួលស្គាល់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕