សន្ដិសុខសង្គម

នគរបាលប៉ុស្តិ៍ឃុំរអាងស្រុកកំពង់សៀមឱ្យម្ចាស់បើកល្បែងអនឡាញខុសច្បាប់ចំនួនពីរកន្លែងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

ដោយ៖គង់ហេង
កំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្តីពីការបង្រ្កាបល្បែងខុសច្បាប់ កម្លាំងនគរបាលប៉ុស្តិ៍ឃុំរអាង ស្រុកកំពង់សៀម បានចុះដល់ទីតាំងប្រព្រឹត្តល្បែងអនឡាញខុសច្បាប់”ឡូតូ” ចំនួនពីរកន្លែងឱ្យបញ្ឈប់ សកម្មភាពចាប់ពីរសៀលថ្ងៃទី ៦ កក្កដានេះតទៅ។

លោកវរសេនីយ៍ត្រី ម៉ា ប៌ុតតូ នាយប៉ុស្ត៍នគរបាល ឃុំរអាង បានប្រាប់ CAMBODIA FLASH NEWS (CFN) ថា៖ អ្នកបើកល្បែងអនឡាញប្រភេទ ឡូតូ ខុសច្បាប់ទាំងពីរទីតាំងជាបុរសទាំងពីរនាក់ឈ្មោះ អ៊ុក ម៉ៅ អាយុ ៦២ ឆ្នាំ និងម្នាក់ទៀតឈ្មោះ យ៉ែម ស៊ីថា អាយុ ៥២ ឆ្នាំ។ ទាំងពីរនាក់មានទីលំនៅភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម។

លោកនាយប៉ុស្តិ៍នគរបាលដដែលបានបន្តថា៖ ចំណែកមួយទីតាំងទៀត នៅក្បែរជិតតារាងបាល់ទះ ក្នុងភូមិទួលឈើទាល ឃុំរអាងដែរ បានដឹងខ្លួនជម្លៀស យកវត្ថុតាងជាឧបករណ៍កុំព្យូទ័រ គេចចេញបាត់អស់។

តាមការឱ្យដឹងពីម្ចាស់ផ្តល់ទីតាំងបើកល្បែងអនឡាញខុសច្បាប់ បានប្រាប់ថា៖ ពួកគាត់ជាអ្នកផ្តល់ជួលទីតាំង ឱ្យថៅកែធំម្នាក់ នៅខាងកំពង់ចាម ដោយក្នុងមួយខែតម្លៃពី ៧០ម៉ឺន ទៅមួយលាន រៀល និងអ្នកកាន់កុំព្យូទ័រម្នាក់ពី៧០ម៉ឺន ទៅ ៨០ម៉ឺនរៀល៕