ដោយ÷សុខុម
កំពង់ឆ្នាំង ៖ សាច់ញាតិបងប្អូនបានជួយគ្រួសារលោកមេភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២៤ ដោយមានការសង្ស័យថាបានពុលត្រីក្រពតបន្ទាប់ពីទទួលទានរួច ។
សាច់ញាតិលោកមេភូមិបានឱ្យដឹងថា ៖ កាលពីរសៀលថ្ងៃទី៤ កក្កដា លោក ហ៊ុន ចន្ថា អាយុ៥៧ឆ្នាំ ជាមេភូមិដំបូកកោះ និងប្រពន្ធបានទៅទិញត្រីក្រពតចំនួន១គីឡូកន្លះ ពីអ្នកលក់មិនស្គាល់ឈ្មោះនៅខាងជើងផ្សារលើ ខេត្តកំពង់ឆ្នាំង។ជាមួយនោះក៏បានទិញបន្លែមកផងដែរមានដូចជាសាឡាត់ស្រួយ តាសក់ ជីរគ្រប់មុខ ហើយបានយកមកចម្អិនធ្វើម្ហូបហូបជុំគ្នាជាមួយប្រពន្ធកូន កូនប្រសា និងចៅ ដែលមានសមាជិកទាំងអស់ចំនួន១០នាក់ ។
ប្រភពដដែលបានបន្តទៀតថា៖ ក្រោយពីហូបត្រីក្រពតនិងបន្លែរួចហើយ ស្រាប់តែមានអាការស្ពឺកដៃ ស្ពឹកមាត់ ស្ពឹកជើងខុសពីធម្មតា។ពេលនោះក្រុមគ្រួសារជនរងគ្រោះបានខលទូរសព្ទទៅមណ្ឌលសុខភាពឃុំស្វាយជ្រុំ ឈ្មោះលោកគ្រូពេទ្យឆាន ហើយពេទ្យប្រាប់វិញថាឲ្យដាក់ទឹកក្តៅ ក្រូចឆ្មារ ផឹកសិនទៅ បើមិនមានអាការធូរស្រាលទេចាំមកមណ្ឌលសុខភាព ។ លុះមកដល់យប់ថ្ងៃដដែល គ្រួសារលោកមេភូមិនៅតែមិនធូរស្រាលក៏នាំគ្នាទៅព្យាបាលនៅមណ្ឌលសុខភាព ដោយលោកគ្រូពេទ្យឆានដាក់សេរ៉ូមម្នាក់មួយកំប្លោក ។មកដល់ព្រឹកថ្ងៃទី ៥ ខែកក្កដា អាការនៅតែមិនបានធូរស្រាល ក៏សម្រេចចិត្តមកមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលមានអាការពុលខ្លាំងមានចំនួន៥នាក់រួមមាន ៖ ១-ឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស អាយុ៥៧ ឆ្នាំ ជាមេភូមិដំបូកកកោះ ,២-ឈ្មោះ តុប អឿន ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ ,៣-ឈ្មោះហ៊ុន ចាន់ធី ភេទប្រុស អាយុ៣៦ឆ្នាំ ត្រូវជាកូន ,៤-ឈ្មោះ ហ៊ុន ចាន់ធឿន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាកូន និង៥-ឈ្មោះ ចាន់ថា ដាណែត ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាចៅ។ ចំណែក៥នាក់ទៀតដែលមិនបានរៀបរាប់ឈ្មោះគឺមិនបានពុលអ្វីឡើយ ។
លោកវេជ្ជបណ្ឌិត សុខ គង់ អនុប្រធានមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ៖ មកដល់ពេលនេះអ្នកជំងឺបានធូរស្រាលអស់ហើយ មិនមានអាការធ្ងន់ធ្ងរនោះទេ ។លោកគ្រូពេទ្យមិនហ៊ានសន្មតថាបណ្តាលមកពីពុលត្រីក្រពត ឬក៏ពុលអ្វីឡើយ? គ្រាន់តែដឹងថាអ្នកជំងឺមានអាការពុលអាហារ និងកំពុងពិនិត្យតាមដានជាបន្តទៀតសិន៕