ប្រែសម្រួល៖រតនា
កាលពីថ្ងៃចន្ទលោក Donald Trump ដោយយោងតាមសេចក្តីសម្រេចរបស់តុលាករកំពូលបានស្នើសុំចៅក្រម Manhattan លុបចោលសាលក្រមកាត់ទោសក្នុងសំណុំរឿងក្លែងបន្លំកំណត់ត្រាអាជីវកម្មរបស់គាត់។
សំណើនេះបានធ្វើឡើងដោយមេធាវីរបស់អតីតប្រធានាធិបតីអាយុ ៧៨ ឆ្នាំនៅក្នុងទម្រង់ជាលិខិតមួយច្បាប់ផ្ញើទៅលោកចៅក្រម Juan Merchan ដែលសុំអនុញ្ញាតឲ្យពន្យារពេលកាត់ទោសលោក Trump ដែលត្រូវកំណត់ធ្វើឡើងនៅថ្ងៃទី ១១ ខែកក្កដា និងស្នើឲ្យតុលាការទម្លាក់សំណុំរឿងនេះចោលដោយយោងតាមសេចក្តីសម្រេចរបស់តុលាការកំពូលដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ។
ក្រុមអ្នកច្បាប់របស់លោក Trump តម្រូវឲ្យជូនដំណឹងលោកចៅក្រម Juan Merchan ជាលាយលក្ខណ៍អក្សរ នៅមុនពេលដាក់ញត្តិទាក់ទងនឹងសំណុំរឿងក្លែងបន្លំកំណត់ត្រាអាជីវកម្មរបស់គាត់។
លិខិតនេះត្រូវបានគេរំពឹងថានឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងថ្ងៃអង្គារ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាស្រុក Manhattan លោក Alvin Bragg នឹងផ្តល់ឱកាសឆ្លើយតបចំពោះសំណើរបស់អតីតប្រធានាធិបតី Donald Trump ។
សំណើដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន New York Times នៅ១០ ថ្ងៃមុនពេល លោក Trump ត្រូវបានគេរំពឹងថានឹងត្រូវបានកាត់ទោសដោយគណៈវិនិច្ឆ័យពីបទល្មើសព្រហ្មទណ្ឌចំនួន ៣៤ ករណីពាក់ព័ន្ធនឹងបទក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតីក្នុងឆ្នាំ ២០១៦ របស់គាត់ក្នុងកិច្ចខិតខំប្រឹងប្រែងបិទបាំងមិនឲ្យមានការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទជាមួយតារាសិច Stormy Daniels ។
ក្រុមមេធាវីការពារក្តីរបស់អតីតប្រធានាធិបតី Donald Trump ស្នើឲ្យលោកចៅក្រម Merchan ពិចារណាលើសេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃចន្ទដែលទាក់ទងនឹងការផ្តន្ទាទោសជាប្រវត្តិសាស្ត្ររបស់ Trump កាលពីថ្ងៃទី ៣០ ខែឧសភា។
សេចក្តីសម្រេចរបស់តុលាការកំពូលបានរារាំងរដ្ឋអាជ្ញាមិនឲ្យធ្វើការចោទប្រកាន់អតីតប្រធានាធិបតី Donald Trump ចំពោះទង្វើផ្លូវការណាមួយ ឬប្រើប្រាស់ភស្តុតាងណាមួយដែលពាក់ព័ន្ធនឹងសកម្មភាពផ្លូវការ ដើម្បីបន្តកាត់ទោសនោះទេ។
តែទោះជាយ៉ាងនេះក្តី ក៏តុលាការកំពូលបានរក្សាឆន្ទានុសិទ្ធិរបស់តុលាការថ្នាក់ក្រោមដើម្បីពិចារណាលើករណីដែលជាសកម្មភាពផ្លូវការរបស់លោក Donald Trump ផងដែរ។
ការិយាល័យរដ្ឋអាជ្ញា Manhattan មិនបានឆ្លើយតបទៅនឹងសំណើសុំការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មាន The Post ទេ។
មេធាវីរបស់ Trump ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។
លោក Trump ធ្លាប់បានប្រកែកថា ការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់អំពីអតីតអ្នករត់ការ Michael Cohen ដែលជាសាក្សីសំខាន់សម្រាប់ការកាត់ក្តីនេះគឺនៅចំពេលដែលគាត់កំពុងធ្វើការនៅក្នុងសេតវិមាន ហើយគួរតែត្រូវបានគេដកករណីនេះចេញពីការជំនុំជំរះក្តីដោយសារតែវាជាប់អភ័យឯកសិទ្ធិក្នុងនាមលោកជាប្រធានាធិបតីនៅក្នុងពេលនោះ។
គេនៅមិនទាន់ដឹងច្បាស់ថាតើលោកចៅក្រម Merchan នឹងពិនិត្យមើលឡើងវិញអំពីការកាត់ទោសរបស់គាត់ដែរឬទេ ដោយសារថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើរក្រោយការកាត់ក្តីបានកន្លងផុតអស់ទៅហើយ។
លោកTrump បេក្ខជនមកពីគណបក្សសាធារណរដ្ឋបានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃចន្ទដោយហៅវាថាជា “ការឈ្នះដ៏ធំសម្រាប់រដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យរបស់យើង” នៅក្នុងទំព័រនៃយុត្តិធម៌សង្គមមួយដ៏ពិតប្រាកដ។
ទន្ទឹមនឹងនេះ មន្ត្រីយុទ្ធនាការរបស់លោក Biden បានប្រដូចសេចក្តីសម្រេចរបស់តុលាការកំពូលទៅនឹងការផ្តល់អភ័យឯកសិទ្ធិដល់អតីតប្រធានាធិបតី Trump ថាជា“ការបើកផ្លូវឈានទៅរករបបផ្តាច់ការ”។
លោកប្រធានាធិបតី Biden ក៏បានថ្កោលទោសការសម្រេចចិត្ត ៦-៣ របស់តុលាការកំពូលដែលនឹងត្រូវពន្យារពេលបន្ថែមទៀតលើការកាតក្តីក្នុងសំណុំរឿងនេះដែលជាវិទ្ធុង្សនាប្រឆាំងនឹងច្បាប់បោះឆ្នោតសហព័ន្ធឆ្នាំ ២០២០ របស់លោក Trump ។
ប្រធានាធិបតីវ័យ ៨១ឆ្នាំរូបនេះបានថ្លែងសុន្ទរកថាចេញពីសេតវិមាននៅថ្ងៃចន្ទថា “បុរសដែលត្រូវបានបញ្ជូនហ្វូងមនុស្សនោះទៅបង្កចលាចលនៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការកាត់ទោសព្រហ្មទណ្ឌសម្រាប់អ្វីដែលបានកើតឡើងនៅថ្ងៃនោះ ហើយប្រជាជនអាមេរិកសមនឹងទទួលបានចម្លើយនៅក្នុងតុលាការនៅមុនការបោះឆ្នោតនាពេលខាងមុខ” ។
លោកបានបន្ថែមថា “សាធារណជនមានសិទ្ធិដឹងអំពីចម្លើយចំពោះអ្វីដែលបានកើតឡើងនៅថ្ងៃទី ៦ ខែមករា នៅមុនពេលដែលពួកគេត្រូវបានគេស្នើសុំឲ្យមានការបោះឆ្នោតម្តងទៀតនៅឆ្នាំនោះ” ។
លោក Biden បានសង្កត់ធ្ងន់ថាថា៖ “ឥឡូវនេះ ដោយសារការសម្រេចចិត្តរបស់តុលាការកំពូលនៅថ្ងៃនេះដែលជារឿងមិនទំនងខ្លាំងណាស់វាធ្វើឲ្យប្រជាជនជាតិមួយនេះមានការខកចិត្តយ៉ាងខ្លាំង “៕