សន្ដិសុខសង្គម

រថយន្តបែនបោះពួយយ៉ាងលឿនបុកម៉ូតូមន្ត្រីម្នាក់បាក់ជើងទាំងពីរ

ដោយ÷សុខុម
ស្ទឹងត្រែង÷ស្រ្តីម្នាក់បម្រើការងារជាមន្ត្រីកិច្ចសន្យានៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង បានជួបគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងហេតុការណ៍រថយន្តបុកម៉ូតូអូសចម្ងាយជាច្រើនម៉ែត្រនៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២កក្កដា២០២៤ ចំណុចក្រោយផ្សារអូរឫស្សី ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ក្រោយហេតុការណ៍មន្ត្រីដែលបម្រើការងារនៅក្បែរនិងប្រជាពលរដ្ឋ បានទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តបែន បានរត់ គេចខ្លួនបាត់ស្រមោល។

សាច់ញាតិ បានប្រាប់សមត្ថកិច្ចក្រោយកើតហេតុភ្លាមថា ជនរងគ្រោះឈ្មោះហួត ស្រីជូ អាយុ៣៦ឆ្នាំ រស់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតាមផ្លូវក្រួសក្រហមដើម្បីយកឯកសារពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅដាក់នៅមន្ទីរមុខងារ គាប់ជួនពេលកំពុងជិះឆ្លងផ្លូវបែកជាបួននោះ ក៏ស្រាប់តែមានរថយន្តបែន ប្រភេទដឹកដី ថ្មក្រួសខ្សាច់បើកយ៉ាងលឿន ឆ្លងកាត់ផ្លូវ ក៏បុកអ្នកជិះម៉ូតូ ជ្រុលបុកគម្របលូ ប៉ើងម៉ូតូ ធ្លាក់ទៅក្នុងដីឡូត៍ក្បែរនោះតែម្តង៕