អន្តរជាតិ

ក្រពើយក្សបង្ហាញខ្លួននៅលើផ្លូវហាយវេក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិកបង្កឲ្យមានការភ័យខ្លាច

ប្រែសម្រួល៖តារា
កាលពីថ្ងៃសុក្រមានក្រពើយក្សមួយក្បាលប្រវែង ១២ហ្វីត បានបង្ហាញខ្លួននៅកណ្តាលផ្លូវងងឹតក្បែររថយន្តអ្នកដំណើរតាមដងផ្លូវហាយវេក្នុងរដ្ឋ North Carolina ។ ក្រុមអ្នកពន្លត់អគ្គោភ័យបានដាក់ពង្រាយកម្លាំងតាមដានដំណើរក្រពើយក្សមួយក្បាលនេះដោយមិនរារាំងវានោះទេ។ កម្លាំងពន្លត់អគ្គិភ័យបានព្យាយាមប្រើទុយោបាញ់ទឹកបណ្តេញសត្វក្រពើយក្សមួយនេះឲ្យថយទៅកាន់ទីជម្រករបស់វាវិញ ។

ចរាចរណ៍តាមដងផ្លូវត្រូវបានបិទប្រហែល ១ម៉ោងនៅពេលព្រឹកនៅលើផ្លូវក្បែរបឹង Boiling Spring Lakes នៃទីក្រុងមួយនៅ Brunswick County ភាគខាងត្បូងនៃក្រុង Wilmingtonសហរដ្ឋអាមេរិក ។

កម្លាំងពន្លត់អគ្គិភ័យមកពីអង្គភាព Boiling Spring Lakes Fire Rescue បានថ្លែងថា៖ “សត្វក្រពើកំពុងនៅកណ្តាលផ្លូវ” ។

យោងតាមនាយកដ្ឋានពន្លត់អគ្គិភ័យបានឲ្យដឹងថា ការិយាល័យតម្រួតខោនធី Brunswick បានស្នើសុំជំនួយពីកម្លាំងពន្លត់អគ្គិភ័យ។ក្រុមពន្លត់អគ្គិភ័យបានព្យាយាមរិះរកវិធីសាស្រ្តដើម្បីធ្វើឲ្យសត្វក្រពើយក្សមួយក្បាលនេះថយទៅកាន់ទីជម្រករបស់វាវិញដោយសុវត្ថិភាព ព្រោះក្រពើនេះធំខ្លាំងណាស់ ពួកគេមិនព្យាយាមទាំងប្រថុយប្រថាននោះទេ។

ដំបូងក្រុមពន្លត់អគ្គិភ័យបានព្យាយាមកម្លាវាឲ្យថយចេញពីផ្លូវតែត្រូវបានបរាជ័យ។ ពួកគេបានងាកទៅរកវិធីផ្សេងដើម្បីជំរុញឲ្យសត្វក្រពើយក្សថយចេញពីផ្លូវហើយវិលត្រឡប់ទៅកាន់ទីជម្រកធម្មជាតិរបស់វាវិញ។នាយកដ្ឋានពន្លត់អគ្គិភ័យបានបង្ហោះសកម្មភាពក្រុមពន្លត់អគ្គិភ័យកំពុងបាញ់ទឹកបណ្តេញសត្វក្រពើចេញពីផ្លូវ។នាយកដ្ឋានបាននិយាយថា “ជាមួយនឹងវិធីសាស្ត្រនេះបានធ្វើឲ្យសត្វក្រពើត្រជាក់ចិត្តហើយថយចេញពីផ្លូវត្រឡប់ទៅកាន់បឹង Boiling Spring Lakes ដែលជាទីជម្រកធម្មជាតិរបស់វាវិញ” ។ការិយាល័យតម្រួតបានថ្លែងអំណរគុណដល់ក្រុមពន្លត់អគ្គិភ័យសម្រាប់ជំនួយរបស់ពួកគេ៕