ប្រែសម្រួល៖រតនា
ភាពតានតឹងកំពុងកើនឡើងនៅព្រំដែនអ៊ុយក្រែនជាមួយបេឡារុស ដែលជាសម្ព័ន្ធមិត្តដែកថែបរបស់រុស្ស៊ីនៅក្នុងសង្គ្រាមអ៊ុក្រែនឥឡូវនេះកំពុងបន្តប្រឆាំងនឹងបណ្តាប្រទេសអឺរ៉ុបខាងកើត។
មេបញ្ជាការរងយោធាបេឡារុស្សបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ BELTA ថា “ស្ថានភាពនៅតាមព្រំដែនបេឡារុស្ស -និង អ៊ុយក្រែនមានសភាពតានតឹងកាន់តែកើនឡើងសម្ព័ន្ធនៃបណ្តាប្រទេសលោកខាងលិចបានផ្ទុះជម្លោះដ៏ក្តៅគគុកនៅជិតទឹកដីរបស់យើង។ ពួកគេកំពុងព្យាយាមទាញប្រទេសយើងឲ្យចូលក្នុងសង្រ្គាមអ៊ុយក្រែន”។
ក្នុងពេលបើកការឈ្លានពានកាលពីខែកុម្ភៈឆ្នាំ ២០២២ កងទ័ពរុស្សីបានវាយលុកចូលទឹកដីអ៊ុយក្រែនឆ្លងកាត់តាមច្រកបេឡារុស្ស។ ប៉ុន្តែក្រោយមកប្រទេសនេះបានដកខ្លួនថយឆ្ងាយពីជម្លោះ។
ហើយឥឡូវនេះ បេឡារុស្សកំពុងចោទប្រកាន់អ៊ុយក្រែនថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយប្រហារចូលទឹកដីខ្លួនដោយមានការបញ្ជូនទាហាន អាវុធ និងសម្ភារយោធាដែលផ្គត់ផ្គង់ដោយអាមេរិកបន្ថែមទៀតទៅកាន់តំបន់ Zhytomyr ភាគខាងជើងដែលមានព្រំប្រទល់ជាប់នឹងបេឡារុស្ស។
លោក Lukashevich បានបន្តថា “យើងមានព័ត៌មានថាអ៊ុយក្រែនកំពុងប្រមូលផ្តុំកងទ័ព សព្វាវុធ និងឧបករណ៍យោធានៅជិតព្រំដែនរបស់យើង” ។ “ជាពិសេស រថយន្តប្រយុទ្ធរបស់ទ័ពថ្មើរជើងអាមេរិក ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើន កាំភ្លើងធំរយៈចម្ងាយឆ្ងាយធុនធ្ងន់ និងឧបករណ៍ផ្សេងទៀតត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Zhytomyr” ។
ដើម្បីជាការឆ្លើយតបបេឡារុស្សបានដាក់ពង្រាយកងកម្លាំងការពារដែនអាកាសរបស់ខ្លួននៅតាមព្រំដែន ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលលួចឈ្លបយកការណ៏ប្រមូលទិន្នន័យអំពីហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនបេឡារុស្ស” ។
លោកបានអះអាងថា យុទ្ធសាស្ត្ររបស់អ៊ុយក្រែនគឺបង្កើនកម្លាំងនៅតាមព្រំដែនមានដូចជា ដាក់ពង្រាយទ័ពតាមផ្លូវឆ្លងកាត់ព្រំដែនដើម្បីឈ្លបចូលវាយប្រហារក្នុងទឹកដីរបស់យើង”។
មេបញ្ជាការកងកម្លាំងការពារដែនអាកាសបេឡារុស្សលោក Andrei Severinchik បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើកម្លាំងឆ្លើយតបដោយប្រើប្រាស់រាល់មធ្យោបាយដែលមានទាំងអស់ដើម្បីការពារទឹកដីរបស់យើងពីការបង្កហេតុដែលអាចកើតមាននៅក្នុងដែនអាកាសជាយថាហេតុ” ។
តែផ្ទុយទៅវិញអ៊ុយក្រែនបានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់ថាប្រទេសខ្លួនមិនមានបំណងបង្កការគំរាមកំហែងខាងយោធាលើប្រទេសបេឡារុស្សទេ។
អ្នកនាំពាក្យនៃឆ្មាំការពារព្រំដែនរបស់អ៊ុយក្រែនលោកវរសេនីយ៍ឯក Andrii Demchenko បានថ្លែងថា “ផ្ទុយទៅវិញ ពួកយើងត្រូវបានបង្ខំឲ្យការពារខ្លួន រួមទាំងនៅជួរមុខប្រទេសបេឡារុស ដោយសារប្រទេសបេឡារុស្សនៅតែបន្តគាំទ្រពួកភេរវកររុស្សី ហើយពីមុនបានបើកព្រំដែនរបស់ខ្លួនឲ្យពួកឈ្លានពានរុស្ស៊ីវាយលុកចូលទឹកដីអ៊ុយក្រែន” ។
សភាពការណ៏តានតឹងផ្នែកយោធានៅតាមព្រំដែនរវាងប្រទេសទាំងពីរឃើញថាមានការកើនឡើងគួឲ្យកត់សម្គាល់នៅចំពេលដែលក្រុមប្រឹក្សាអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងបេឡារុស្ស។
ក្រុមប្រឹក្សាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា “វិធានការដ៏ស៊ីជម្រៅទាំងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងនូវការរឹតបន្តឹងមួយចំនួនថែមទៀតដែលមានរួចហើយប្រឆាំងនឹងរុស្ស៊ីដោយហេតុនេះហើយបញ្ហានេះមិនអាចលើកលែងបានទេពីព្រោះវាមានសមាហរណកម្មដែលមានស្រាប់រវាងសេដ្ឋកិច្ចរុស្ស៊ី និងបេឡារុស្ស”។
ទន្ទឹមនឹងនេះ ប្រទេសប៉ូឡូញ លីទុយអានី ឡាតវី និងអេស្តូនី កំពុងដាក់ញត្តិទៅក្រុមប្រឹក្សាអឺរ៉ុប ដើម្បីសាងសង់ខ្សែការពារនៅតាមព្រំដែនរបស់ប្រទេសដែលជាប្លុកជាមួយរុស្ស៊ី និងបេឡារុស្ស ដើម្បីការពារសម្ព័ន្ធមិត្តពីការចូលលុកលុយផ្នែកយោធាដ៏មានសក្តានុពលរបស់ក្រុងម៉ូស្គូ៕