ប្រែសម្រួល៖ស្រីស្រស់
អ្នកវិទ្យាសាស្ត្ររុស្សីនៅតំបន់ Yakutia ភាគឦសាននៃប្រទេសរុស្ស៊ី កំពុងធ្វើកោសល្យវិច័យលើសំណាកសាកសព្វសត្វចចកមួយក្បាលដែលវាបានងាប់ដោយសារជាប់នៅក្នុង permafrost អស់រយៈពេលប្រហែល ៤៤,០០០ ឆ្នាំមកហើយនេះជាការរកឃើញដ៏កម្រមួយដំបូងបង្អស់តាមរយ:អ្នកស្រុករស់នៅក្នុងតំបន់ Abyyskiy នៃ Yakutia កាលពីឆ្នាំ ២០២១។ សាកសពរបស់ឆ្កែចចកនេះទើបតែត្រូវបានអ្នកវិទ្យាសាស្ត្រពិនិត្យយ៉ាងត្រឹមត្រូវ។
ប្រធាននាយកដ្ឋានសម្រាប់ការសិក្សាអំពីសត្វស៊ីសាច់នៅបណ្ឌិតសភាវិទ្យាសាស្ត្រ Yakutia លោក Albert Protopopov បាននិយាយថា “នេះគឺជាការរកឃើញដំបូងរបស់ពិភពលោកនៃអំបូសត្វចចក Pleistocene” ។
គាត់បាននិយាយថា “អាយុកាលរបស់វាគឺប្រហែល ៤៤,០០០ ឆ្នាំហើយគេមិនដែលរកឃើញបែបនេះកាលពីមុននោះទេ” ។
Yakutia ជាតំបន់វាលភក់ និងមានដងព្រៃដ៏ធំគ្របដណ្តប់ប្រហែល ៩៥ ភាគរយដែលពោរពេញទៅដោយទឹកកកដែលស្ថិតនៅចន្លោះមហាសមុទ្រអាក់ទិក និងនៅតំបន់អាក់ទិកភាគខាងកើតនៃប្រទេសរុស្ស៊ី ។
សីតុណ្ហភាពរក្នុងដូវរងានៅតំបន់នោះត្រូវបានគេដឹងថានឹងធ្លាក់ចុះដល់កម្រិតដក ៦៤ អង្សាសេ (-83.2°F)
Protopopov បាននិយាយថា “ជាធម្មតាច្រើនតែប្រភេទសត្វស៊ីស្មៅទេដែលតែងតែងាប់ដោយសារជាប់គាំងនៅក្នុងវាលភក់ហើយត្រូវបង្កកស្លាប់ដោយសារតែវាកកខ្លាំងហួសកម្រឹត។ នេះជាលើកទីមួយហើយ ដែលគេប្រទះឃើញសំណាកសាកសពសត្វស៊ីសាច់” ។
Protopopov បានបន្តថាវាមិនមែនជារឿងចម្លែកទេក្នុងការរកឃើញគ្រោងឆ្អឹងសត្វដែលមានអាយុរាប់លានដែលកប់ជ្រៅនៅក្នុង permafrost ដែលកំពុងរលាយបន្តិចម្តងៗដោយសារតែការប្រែប្រួលអាកាសធាតុជាពិសេសដូចជាឆ្កែចចក។
លោកបានបន្ថែមថា “វាគឺជាសត្វស៊ីសាច់ដ៏សកម្មមួយក្នុងចំណោមសត្វស៊ីសាច់ដូចគ្នាវាតូចជាងសត្វតោ និងខ្លាឃ្មុំបន្តិច ប៉ុន្តែជាសត្វស៊ីសាច់ដើរចល័តដ៏សកម្ម”។
Artyom Nedoluzhko នាយកផ្នែកអភិវឌ្ឍន៍នៃមន្ទីរពិសោធន៍ paleogenetics នៅសាកលវិទ្យាល័យ European University of St Petersburg បាននិយាយថាសំណាកសាកសពសត្វចចកនេះនិងផ្តល់នូវការយល់ដឹងដ៏កម្រមួយក្នុងតំបន់ Yakutia ក្នងសម័យកាល ៤៤,០០០ ឆ្នាំមុន។
គាត់បាននិយាយថា “គោលដៅចម្បងគឺដើម្បីសិក្សាឲ្យយល់ពីអ្វីដែលឆ្កែចចកនេះទាក់ទងនឹងប្រវត្តិសត្វចចកកាលពីសម័យកាលបុរាណដែលរស់នៅក្នុងតំបន់ភាគឦសាននៃអឺរ៉ាស៊ី” ៕
ប្រភព៖ Reuters