ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ រថយន្តប្រភេទបែនដឹកដីមួយគ្រឿង បានបើកបរបត់ស្តាំក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងពីខាងក្រោយ បណ្តាលឱ្យស្លា.ប់ក្មេងស្រីជាសិស្សម្នាក់ និងរបួសម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ ៨ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក នៅម៉ោងជិត ៧ ព្រឹកថ្ងៃទី ២៧ មិថុនា។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកពញាក្រែកបានប្រាប់ CAMBODIA FLASH NEWS (CFN) នៅថ្ងៃទី ២៧ មិថុនានេះថា៖ ជុំវិញករណីគ្រោះថ្នាក់ចរាចរខាងលើ លោក ថ្លាង ភ្នំពេជ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចឱ្យយើង(សមត្ថកិច្ច)ឃាត់ខ្លួនបុរសជាអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-3654អាយុ ៣៥ ឆ្នាំឈ្មោះ រស់ ឡន មានទីលំនៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី។
ប្រភពព័ត៌មានដដែលបានឱ្យប្រាប់ឱ្យដឹងទៀតថា៖ ដោយឡែកក្មេងស្រីជាជនរងគ្រោះ ដែលបានបាត់បង់ជីវិតជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម1G-6714 មាន អាយុ ១៧ឆ្នាំ ឈ្មោះ ឈាង គឹមអេង ស្លា.ប់នៅនឹងកន្លែង និងអ្នករួមដំណើរឈ្មោះ ឈាង សុខស្រី អាយុ ១៨ ឆ្នាំរងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ។ ជនរងគ្រោះទាំងពីរ មានទីលំនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក៕