អន្តរជាតិ

យានរុករកលើភពព្រះចន្ទរបស់ចិនបានត្រឡប់មកផែនដីវិញដោយនាំមកជាមួយដុំថ្មគំរូដំបូងគេបង្អស់ពីភពព្រះចន្ទ

ប្រែសម្រួល៖ តារា
យានរុករកនៅលើភពរបស់ព្រះចន្ទហៅថា Chang’e-6 របស់ចិន បានត្រឡប់មកដល់ផែនដីវិញដោយជោគជ័យដោយនាំមកជាមួយដុំថ្មគំរូនិងកំទេចដីដំបូងគេ ដែលប្រមូលបានពីតំបន់ឆ្ងាយនៃផ្ទៃព្រះចន្ទ។

សំណាកដែលប្រមូលបានទាំងនេះត្រូវបានគេជឿថាមានអាយុកាលរហូតដល់ ២.៥ លានឆ្នាំ បានចុះចតនៅលើទឹកដីម៉ុងហ្គោលីកាលពីថ្ងៃអង្គារ។នេះជាជ័យជម្នះដ៏ធំមួយសម្រាប់រដ្ឋបាលអវកាសរបស់ចិន ហៅកាត់ថា(CNSA) ។

លោក Zhang Kejian នាយករដ្ឋបាលអវកាសជាតិចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍រដ្ឋបន្ទាប់ពីការចុះចតដោយជោគជ័យថា “ឥឡូវនេះខ្ញុំប្រកាសថាបេសកកម្មរុករកលើភពព្រះច័ន្ទ Chang’e 6 បានទទួលជោគជ័យគ្រប់ជ្រុងជ្រោយ” ។
អ្នកវិទ្យាសាស្ត្រចិនសង្ឃឹមថាពួកគេនឹងអាចសិក្សាអំពីភាពខុសគ្នានៃភូមិសាស្ត្រនៃព្រះចន្ទ និងផ្តល់ការយល់ដឹងខ្លះៗអំពីប្រវត្តិពីបរមបុរាណរបស់ព្រះចន្ទ ។

ផ្នែកជិតជាងគេគឺបែរមុខទៅរកផែនដីយើង ហើយផ្នែកឆ្ងាយជាងគេគឺបែរមុខទៅទីអវកាសខាងក្រៅ។ ខណៈពេលដែលព្រះច័ន្ទវិលតាមអ័ក្សរបស់វា ព្រះចន្ទវិលក្នុងអត្រាដូចគ្នាទៅនឹងចលនានៃគន្លងរបស់វា មានន័យថាផ្នែកណាក៏ដោយក៏ដូចគ្នាដែគឺតែងតែបែរមុខរកផែនដីនៅក្នុងចលនាគោចរណ៏របស់ព្រះចន្ទ។

ផ្នែកឆ្ងាយនៃព្រះចន្ទ ដែលផ្ទៃរបស់វាមិនដែលត្រូវបានរុករក ត្រូវបានគេដឹងថាមានភ្នំធំៗ និងរណ្ដៅជ្រៅ បើប្រៀបធៀបទៅនឹងផ្នែកខ្ពង់រាបស្មើដែលទាក់ទងទៅនឹងផ្ទៃព្រះចន្ទដែលនៅជិតនឹងផែនដីជាងគេនោះ។

យោងតាមការរុករករបស់យានគ្មានមនុស្សបើក ដែលត្រូវបានបាញ់បង្ហោះនៅថ្ងៃទី ៣ ខែឧសភា បានចុះចតនៅលើប៉ូលខាងត្បូងនៃអាង Aitken របស់ព្រះច័ន្ទ ដែលជារណ្ដៅរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជាង ៤ ពាន់លានឆ្នាំមុន នៅពេលដែលផែនដីនៅខ្ចីនៅឡើយ។ វានៅក្នុងលំហអស់រយៈពេល ៥៣ថ្ងៃ។

សំណាកដែលក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា ទំនងជាមកពីស្រទាប់ផ្សេងៗនៃអាង ដែលនឹងបន្សល់ដាននៃព្រឹត្តិការណ៍ភូមិសាស្ត្រផ្សេងៗគ្នានៃប្រវត្តិលោហធាតុដ៏យូរលង់របស់វា ដូចជានៅពេលដែលព្រះច័ន្ទនៅក្មេងខ្ចី និងមានស្នូលគំរូ “ត្រូវបានគេរំពឹងថានឹងឆ្លើយទៅនឹងសំណួរមូលដ្ឋានវិទ្យាសាស្រ្តនៅក្នុងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រតាមគន្លងគោចរណ៏ថាតើសកម្មភាពដែលកើតឡើងមាននៅលើភូមិសាស្ត្រអ្វីខ្លះដែលទទួលខុសត្រូវចំពោះភាពខុសគ្នារវាងផ្ទៃព្រះចន្ទទាំងពីផ្នែកឆ្ងាយនិងផ្នែកជិតជាងគេ?។ Zongyu Yue អ្នកជំនាញភូគព្ភវិទូនៅបណ្ឌិតសភាវិទ្យាសាស្ត្រចិនបានចេញសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Innovation Monday ដែលជាទិនានុប្បវត្តិធ្វើការផ្សព្វផ្សាយក្នុងនាមជាដៃគូជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។

ប្រទេសចិនគឺជាប្រទេសដំបូងគេដែលបានចុះចតលើតំបន់ឆ្ងាយនៃផ្ទៃព្រះចន្ទបើធៀបនឹងបេសកកម្មមុនៗរបស់អាមេរិក និងសូវៀតអ្នកទាំងអស់សុទ្ធតែបានចុះចតនៅផ្នែលចំហៀងដែលនៅជិតជាងគេ។

កម្មវិធីរុករកលើភពព្រះច័ន្ទគឺជាផ្នែកមួយនៃការប្រកួតប្រជែងកាន់តែខ្លាំងឡើងរបស់ចិនជាមួយសហរដ្ឋអាមេរិកដែលនៅតែឈរក្នុងលំដាប់ជាអ្នកនាំមុខគេនៅក្នុងការរុករកលើទីអវកាសនិងប្រទេសផ្សេងៗទៀតរួមទាំងជប៉ុន និងឥណ្ឌាផងដែរ។

មេដឹកនាំចិនលោក Xi Jinping បានអបអរសាទរចំពោះក្រុម Chang’e ដោយនិយាយថាបេសកកម្មនេះគឺជា “សមិទ្ធផលដ៏សំខាន់មួយនៅក្នុងការខិតខំប្រឹងប្រែងរបស់ប្រទេសយើងក្នុងការធ្វើខ្លួនឲ្យក្លាយជាមហាអំណាចលើអវកាសរួមទាំងផ្នែកបច្ចេកវិទ្យាផងដែរ” ។

ប្រទេសចិនបានដាក់ស្ថានីយអវកាសរបស់ខ្លួននៅក្នុងគន្លងគោចរ និងបញ្ជូនក្រុមនាវិកទៅទីនោះជាទៀងទាត់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបញ្ជូនយានរុករកទៅកាន់ឋានព្រះចន្ទដើម្បីបំពេញបេសកកម្មប្រកបដោយជោគជ័យជាច្រើនលើក ដោយប្រមូលបាននូវសំណាកពីផ្នែកជិតរបស់ព្រះច័ន្ទជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវរបស់យាន Chang’e 5 ។

សាស្ត្រាចារ្យផ្នែករូបវិទ្យានៅសាកលវិទ្យាល័យ Macquarie ក្នុងប្រទេសអូស្ត្រាលី Richard de Grijs បានប្រាប់សារព័ត៌មាន The Sun ថា “នេះគឺជាលទ្ធផលជាសកលដំបូងគេមានន័យថាវាគឺជាលើកទីមួយហើយ ដែលយើងអាចហោះហើរចេញពីតំបន់ឆ្ងាយរបស់ព្រះចន្ទ ហើយយើងថែមទាំងអាចនាំយកសំណាកសម្រាប់ធ្វើជាគំរូត្រឡប់មកវិញ” ៕
ប្រភព ៖ សារព័ត៌មាន Associated Press ។