ព័ត៌មានជាតិ

នៅខេត្តបន្ទាយមានជ័យក៏ចងចាំ វីរភាពនិងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិង ប្រជាជនកម្ពុជា

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តនិងរដ្ឋបាលខេត្ត បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០០៧-២១ មិថុនា ឆ្នាំ២០២៤ ដែលពិធីធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

នេះបើតាមប្រធានសមាគមនេះបានអោយដឹងកាលពីថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២៤  ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តនិងចូលរួម រៀបចំ ចាត់តាំងដោយ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សមាគម មានចូលរួមពីសមាជិក សមាជិកា សមាគមសរុបចំនួន២៨៥នាក់។

ប្រធានសមាគមអោយដឹងបន្តថា: គោលបំណងដែលរាជរដ្ឋាភិបាលណែនាំដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជនកម្ពុជា រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ៣១ សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ កំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីតយុទ្ធជនកម្ពុជាដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំ។

ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេសបានយល់ដឹកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជាពិសេស ស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ៕