ដោយ : បន្ទាយ
បន្ទាយមានជ័យ:ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទនិងពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទឲ្យកាន់តែប្រសើរឡើង ក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូច ទៅសហគមន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំគោករមៀត ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
កម្មវិធីធ្វើកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោកប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព។
នេះជាកម្មវិធីទីពីរ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជំហានដំបូងជូនដល់ប្រជាពលរដ្ឋបានទៅប្រើប្រាស់ផ្គត់ផ្គង់នឹងបន្តជាជំហានៗ ព្រោះថាតំបន់នេះពេលរដូវប្រាំងជួបនូវការលំបាកខ្វះទឹកប្រើប្រាស់ជាអន្លើៗ។
បើតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានអោយដឹងថា: ការសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចនៅក្នុងសហគមន៍ដល់ប្រជាពលរដ្ឋនេះក្នុងគោលដៅកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយ:ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចម្រុះដែលជាកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឃន៍ជនបទ គឺក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ នៅទីជនបទ ឱ្យប្រសើរឡើង ហើយការជំរុញការអនុវត្តយុទ្ធសាស្ត្រជាអាទិភាពបាននិងកំពុងរួមចំណែកយ៉ាងច្រើននៅក្នុងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ នៅជនបទ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច។
លោកប៊ុន ច័ន្ទវណ្ណៈ បានមានប្រសាសន័ថា: រាជរដ្ឋាភិបាលនីតិកាលទីប្រាំពីរ នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ បានកំណត់យកអាទិភាពគន្លឹះចំនួនប្រាំ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងគន្លឹះអាទិភាពទាំងប្រាំនោះគឺមានទឹកដែរ ។ទឹកមានសារ:សំខាន់ណាស់សម្រាប់មនុស្ស សត្វនិងរុក្ខជាតិ។
លោកប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការបានបន្តថា: ប្រជាពលរដ្ឋនៅជនបទ បេីមានផ្លូវ មានទឹកមានភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗហើយនោះ គឺមានឱកាសប្រកបរបរបន្ថែមដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បន្ថែមពីនេះប្រជាពលរដ្ឋនៅទីជនបទមានលំនៅឋានសមរម្យ មានសេវាទឹកស្អាត សេវាអគ្គិសនីគ្រប់គ្រាន់ ធ្វើឲ្យសហគមន៍កាន់តែទំនើប។
ចុងក្រោយ មានការចែកជូនជាកន្សែងដល់បងប្អូនប្រជាពលរដ្ឋម្នាក់១ផងដែរ ៕