ដោយ : បន្ទាយ
បន្ទាយមានជ័យ :នាព្រឹកថ្ងៃទី២២ ខែ មិថុនាឆ្នាំ២០២៤ មានកម្មវិធីអំណោយមួកសុវត្ថិភាពរាប់រយ របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវកែសួន សុភី ស សុខា តាមរយៈលោកកែសួន សុភាព ចែកជូនដល់អ្នកធ្វើចរាចរណ៍តាមផ្លូវជាតិដើម្បីប្រើប្រាស់និងធ្វើការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើនៅចំណុចភ្លើងស្តុបទី១ បំបែកផ្លូវជាតិលេ៥និងផ្លូវជាតិលេខ៥៦ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
មានការអញ្ជើញដឹកនាំសកម្មភាពដោយលោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ លោកអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលបន្ទុកផែនសណ្តាប់ធ្នាប់ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ប្រធាន អនុប្រធាន និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនិងក្រុមការងារជាច្រើន ។
លោក កែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : ការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ វាមានសារៈសំខាន់ណាស់ដើម្បីជំនួយស្មារតីដល់ អ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត ត្រូវយល់ដឹងពីសុជីវធម៌ ក្នុងការបើកបរ ច្បាប់ចរាចរណ៍ និងសញ្ញាចរាចរណ៍ផ្លូវគោកជាដើម។
នាឱកាសនោះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការបង្ហាញដោយផ្ទាល់ពីមន្រ្តីជំនាញផងដែរ ក្នុងគោលបំណងបង្កើន សមត្ថភាពយល់ដឹងពីច្បាប់ ចរាចរណ៍ផ្លូវគោក ជូនដល់ក្រុមអ្នកបើកម៉ូតូក្នុងគោលដៅលុបបំបាត់ការបំពានច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរ និងរក្សាសុវត្ថិភាពក្នុងពេលបើកបរផងដែរ។
លោកឧត្តមសេនីយ៍ ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់ បានមានប្រសាសន៍ថា : អ្នកបើកបរទាំងអស់ត្រូវយល់ដឹងឲ្យបានច្បាស់អំពីគ្រោះថ្នាក់ចរាចរ ដែលកើតឡើងមកពីកត្តា(មនុស្ស)៧យ៉ាងគឺ:
១-ការបើកហួសល្បឿនកំណត់ធ្វើឲ្យបាត់បង់ម្ចាស់ការនៅពេលដែលមានឧបសគ្គដោយចៃដន្យ។ ២-បើកនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀននៅពេលអត់ងងុយខ្លាំងហេវហត់ខ្លាំង ។៣-ការមិនគោរពសិទ្ធិអាទិភាពនៅកន្លែងផ្លូវប្រសព្វឬនៅលើផ្លូវដែលមានប្រសិទ្ធភាព ។៤-បើកបរជែងគ្នាដោយខ្វះការប្រុងប្រយ័ត្នឬក្នុងស្ថានភាពគ្រោះថ្នាក់។៥-មិនគោរពច្បាប់ចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ។៦-ការបត់ឆ្វេងឬថយក្រោយគ្មានការប្រុងប្រយ័ត្នជាដើមនិង៧-បើកបរមិនបានមើលគំនូសស្លាកសញ្ញាចរាចរណ៍ តើត្រូវជិះតាមណានេះកំពុងក្លាយជាបញ្ហដ៏ធំផងដែរ។
លោកបានបន្តថា: ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរមិនជារឿងការពិបាកនោះទេ បើសិនប្រជាពលរដ្ឋណាមិនបានចូលរួមគោរពច្បាប់ចរចរណ៍ឲ្យបានគ្រប់គ្នា។
លោកកែសួន សុភាព បានធ្វើការអំពាវអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនិងប្រើប្រាសដងផ្លូវទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដូចជាត្រូវចេះបើកបរមានការប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពជានិច្ច ពាក់ខ្សែក្រវាត់ពេលបើកបរ ត្រូវជិះប្រកាន់ស្តាំជានិច្ច ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ត្រូវប្រុងប្រយ័ត្នជានិច្ចត្រូវរក្សាទុកផ្លូវថ្មើរជើងផងដែរ ។
សូមឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរត្រូវស្វែងយល់អំពី មាត្រាសំខាន់ៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ដូចជា : ១-មើលសញ្ញាចរាចរណ៍ផ្លូវគោក ២-សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ៣-ការត្រួតពិនិត្យយានជំនិះនិងការផ្ទុកទំនិញ។៤ – បច្ចេកទេសនិងសុវត្ថិភាពក្នុងការបើកបរផងដែរ ៕