សន្ដិសុខសង្គម

សពជនរងគ្រោះពីរនាក់ដែលឧកញ៉ាបាញ់សម្លាប់នៅភ្នំពេញបង្កឲ្យមានការភ្ញាក់ផ្អើលពេញប្រទេសនោះបានបញ្ចុះផ្នូររួមគ្នានៅខេត្តកំពត

ដោយ៖ កំចាយ

កំពត÷ សពជនរងគ្រោះជាគូដណ្តឹងនឹងគ្នា២នាក់ដែលត្រូវបានបាញ់ប្រហារពីឧកញ៉ាគ្មានធម៌មេត្តាក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីថ្ងៃទី១៧ ខែមិថុនា បានដឹកមកបញ្ចុះរួមគ្នានៅស្រុកទឹកឈូ ខេត្តកំពត នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ សពខាងប្រុសបានដង្ហែចេញពីខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ខណ:ដែលសពខាងស្រីដង្ហែចេញពីក្រុងកំពត ខេត្តកំពត មកជួបគ្នានៅឈាបនដ្ឋានស្ថិតក្នុងភូមិត្រពាំងត្រាច ឃុំថ្មី ស្រុកទឹកឈូ នាវេលាម៉ោងប្រហែល២ និង៣០នាទីរសៀល។

ក្រោយបញ្ចុះរួចរាល់ សាច់ញាតិជនរងគ្រោះខាងស្រីបានប្រាប់ឱ្យដឹងថា ដំបូងឡើយកម្មវិធីនេះមិនមានគម្រោងបញ្ចុះរួមគ្នាទេ។ បន្ទាប់ពីកើតហេតុនៅបឹងស្នោ កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនានោះ ក្រុមគ្រួសារខាងប្រុសបានយកសពទៅតម្កល់ធ្វើបុណ្យនៅជ្រោយចង្វា។ ចំណែក កញ្ចនា គឺបងប្អូនបានដឹកចេញពីមន្ទីរពេទ្យមកក្រុងកំពតក្រោយប្រាកដថានាងបានស្លាប់ទៅហើយ។

ប្រភពដដែលបានបញ្ជាក់ថា លុះព្រឹកថ្ងៃទៅ១៨ ខែមិថុនា សាច់ញាតិរបស់សពខាងប្រុសបានមកពិភាក្សាដោយសុំយកមកបញ្ចុះរួមគ្នា ព្រោះគិតថាទោះបីមិនទាន់រៀបការក្តី តែពិធីភ្ជាប់ពាក្យតាមប្រពៃណីទំនៀមទម្លាប់បានធ្វើរួចរាល់ ហើយពួកគេក៏ស្មោះស្ម័គ្រស្លាប់ជាមួយគ្នាទៀត។ ម្ល៉ោះហើយទើបសម្រេចធ្វើពិធីបញ្ចុះសពរួមគ្នានៅពេលនេះតែម្តង។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មបាញ់ប្រហារនៅបុរីប៉េងហួតបឹងស្នោ បង្កឡើងដោយឧកញ៉ា ស្រី ស៊ីណា បណ្តាលឱ្យគូដណ្តឹងប្រុសស្រីបាត់បង់ជីវិត និងមនុស្ស២នាក់ទៀតរងរបួស។ ខាងគូដណ្តឹងប្រុសបានស្លាប់នៅនឹងកន្លែង ចំណែកគូដណ្តឹងស្រីបានស្លាប់ក្នុងមន្ទីរពេទ្យដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ចំណែកជនដៃដល់គឺឧកញ៉ា ស្រី ស៊ីណា ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានក្នុងថ្ងៃដដែលនោះ៕