អន្តរជាតិ

អាថ៌កំបាំងដ៏ចាក់ស្រេះជុំវិញរឿងមហាសេដ្ឋីប្រេងជនជាតិអង់គ្លេសបាញ់សម្លាប់ប្រពន្ធជាតារាចម្រៀងរួចបាញ់សម្លាប់ខ្លួនឯងទុកឲ្យកូននៅកំព្រា៣នាក់

ប្រែសម្រួល៖ ស-សម្បត្តិ
តារាចម្រៀងស្រីដ៏មានប្រជាប្រិយម្នាក់នាង Victoria Vera Blyth បាននិយាយក្នុងបទសម្ភាសចុងក្រោយនៃឆាកជីវិតនៅមុនពេលដែលត្រូវប្តីដែលជាឃាតកបានលើកដៃបាញ់សម្លាប់រូបនាងនៅក្នុង ជម្លោះពាក្យសម្តីដ៏ជូរចត់ជុំវិញការសរសេរអត្ថបទរបស់នាងសម្រាប់ធ្វើបទបង្ហាញ  នៅឯផ្ទះវីឡាដ៏ប្រណិតក្នុងប្រទេសតួកគីថា”អ្នកមិនដឹងថានឹងមានអ្វីអាចកើតឡើងទេ” ។

Victoria Vera Blyth ត្រូវបានប្តីនាងដែលជាមហាសេដ្ឋីប្រេងជនជាតិអង់គ្លេសបាញ់សម្លាប់ដ៏គួរឲ្យរន្ធត់។ជីវិតនាងVictoria Vera Blyth ត្រូវបានបញ្ចប់នៅពេលដែលប្តីរបស់នាង David Thomas Blyth ជាមហាសេដ្ឋីប្រេងបាញ់សម្លាប់ដ៏គួរឲ្យតក់ស្លុតបំផុត។ អ្នកទាំងពីរត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងផ្ទះរបស់ពួកគេក្នុងរដ្ឋធានី Ankara ប្រទេសតួកគី កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនាដោយសារត្រូវគ្រាប់កាំភ្លើង។

Blyth ត្រូវបានគេរាយការណ៍ថា បានបាញ់សម្លាប់ប្រពន្ធនិងខ្លួនឯង បន្ទាប់ពីអ្នកទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុក ប៉ុន្តែមន្ត្រីប៉ូលិសនៅមិនទាន់បង្ហាញព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។ប៉ូលិសនៅបន្តការស៊ើបអង្កេតក្នុងឧបទ្ទវហេតុដ៏សោកនាដកម្មនេះ។

អ្នកជំនួញជនជាតិអង់គ្លេសដែលមានដើមកំណើតមកពី Edinburgh គឺជាមហាសេដ្ឋីប្រេង ជាម្ចាស់ក្រុមហ៊ុនអន្តរជាតិ ASG Inspection មានកូនបីនាក់ជាមួយនាង Victoria Vera Blyth ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធី Morning Show on Europe 2 ជាមួយនឹងទូរទស្សន៍ឆេក Leoš Mareš។

នាងក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសប្បុរសធម៌ ជាមួយនិងអង្គការដែលបង្កើតការរត់ពាក់កណ្តាលម៉ារ៉ាតុងជាលើកដំបូងរបស់ក្រុងអង់ការ៉ាប្រទេសតួកគី។

នៅប៉ុន្មានខែមុនពេលដែលត្រូវបានប្តីរបស់នាងបាញ់សម្លាប់។ ពិធីករទូរទស្សន៍រូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ចុងក្រោយរបស់នាងថា ខណៈពេលដែលនាងមានគំនិតជាច្រើនសម្រាប់គម្រោងនាពេលអនាគត ‘ខ្ញុំមិនចូលចិត្តរៀបចំផែនការទាំងស្រុងសម្រាប់ថ្ងៃអនាគតទេ ព្រោះអ្នកមិនដឹងថាអាចនិងមានអ្វីកើតឡើងនោះទេ។ ‘មិត្តភ័ក្តិរបស់នាងបានប្រាប់ Blesk.cz ថា Victoria គ្រោងនឹងទិញកសិដ្ឋានចិញ្ចឹមសត្វ ហើយត្រឡប់ទៅក្រុមតន្ត្រីរបស់នាងវិញ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថានាងមានកូនបីនាក់មានអាយុចាប់ពីចន្លោះ ៤ ឆ្នាំ ១០ និង ១៤ ឆ្នាំហើយនៅក្នុងពេលនេះពួកគេត្រូវបានគេដាក់ឲ្យស្ថិតនៅក្នុងការថែទាំរបស់គ្រួសារខាងម្តាយដែលបានធ្វើដំណើរទៅប្រទេសតួកគីបន្ទាប់ពីឧក្រិត្តកម្មដ៏រន្ធត់នេះបានកើតឡើង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុកបានឲ្យដឹង។

  • នៅតែជារឿងអាថ៌កំបាំង

ជុំវិញឃាតកម្មដ៏អាថ៌កំបាំងចាក់ស្រេះនិងមានចរិតដ៏សាហាវនេះបើតាមសេចក្តីរាយការណ៍គឺវាផ្តើមចេញពីជម្លោះយ៉ាងក្តៅគគុកជុំវិញការសរសេរអត្ថបទរបស់នាងសម្រាប់ធ្វើបទបង្ហាញ។ប៉ុន្តែក៏មានអ្នកខ្លះថាអាចមានមូលហេតុផ្សេងជាច្រើនពីនេះ។

ប្តីប្រពន្ធទាំងពីរបានរៀបការនៅឆ្នាំ ២០១៤ ហើយបានរស់នៅជាមួយគ្នានៅទីក្រុង Pragueសាធារណរដ្ឋឆេក អស់រយៈពេលជាច្រើនឆ្នាំ នៅមុនពេលផ្លាស់ទៅប្រទេសតួកគី បន្ទាប់ពីការងាររបស់ Blyth ត្រូវបានផ្លាស់ទៅមជ្ឈឹមបូព៌ា។

Victoria កើតនៅអាហ្វ្រិកខាងត្បូង ហើយបានផ្លាស់ទៅសាធារណរដ្ឋឆេក ក្នុងវ័យក្មេងជាមួយនឹងគ្រួសារ។ នាងបានសិក្សាផ្នែកតន្ត្រីនៅសកលវិទ្យាល័យ ហើយបានល្បីឈ្មោះបន្ទាប់ពីចេញអាល់ប៊ុមដំបូងរបស់នាងក្នុងឆ្នាំ ២០០៤។

នាងក៏បានលះបង់ពេលវេលាជាច្រើនក្នុងការងារសប្បុរសធម៌ ដោយធ្វើការជាមួយអង្គការ Czech Velvet Smile ដែលជួយ ‘លើកកម្ពស់គុណភាពជីវិតសម្រាប់កុមារមានជំងឺ និងពិការភាព និងជនរងគ្រោះដោយសារការរំលោភបំពានក្នុងគ្រួសារ’ នេះបើយោងតាមគេហទំព័រផ្ទាល់ខ្លួនរបស់នាង។

នាង Victoria ក៏បានបង្កើតកម្មវិធី DazSpor ដែលជាអ្នករៀបចំការរត់ប្រណាំងនៅទូទាំងប្រទេសតួកគី រួមទាំងការរត់ពាក់កណ្តាលម៉ារ៉ាតុងនៅក្នុងរដ្ឋធានីនៃប្រទេសតួកគីផងដែរ ។

អង្គការសប្បុរសធម៌បាននិយាយនៅក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់ស្ថាបនិកក្រុមហ៊ុន DazSpor Mrs. Victoria Blyth” ។


ប្អូនស្រីរបស់នាងឈ្មោះ Alexandra បានសរសេរសារគោរពវិញ្ញាណក្ខន្ធដល់បងស្រីរបស់នាងនៅលើ Instagram ហើយបានបង្ហើបថាគ្រួសាររបស់នាងទើបតែបានបញ្ចុះសពឪពុករបស់ពួកគេកាលពីពេលថ្មីៗនេះ។អត្ថបទនោះបានសរសេរថា “វាជាទុក្ខសោកដ៏ឈឺចាប់បំផុតមួយ ដែលខ្ញុំត្រូវប្រកាសថា បងស្រីជាទីស្រឡាញ់ និងដ៏ស្រស់ស្អាតរបស់ខ្ញុំដែលជាពន្លឺនៃជីវិតរបស់យើងធ្លាប់បាននាំយើងឲ្យមានសេចក្តីសុខនិងរីករាយយ៉ាងខ្លាំង ជាមួយនឹងសំណើចនៃទឹកចិត្តដ៏វិជ្ជមាននិងកម្លាំងកាយប្រកបដោយថាមពលតែឥឡូវនេះគាត់បានលាពួកយើងជារៀងរហូតហើយ។

“គ្រួសារខ្ញុំកំពុងឆ្លងកាត់ពេលវេលាដ៏លំបាកដោយសារពួកគេបានបាត់បង់ទាំងឪពុកនិងម្តាយ។ ថ្មីៗនេះ យើងបានបញ្ចុះសពឪពុករបស់យើង ហើយឥឡូវនេះ ប្អូនស្រី និងបងថ្លៃរបស់យើង ហើយយើងត្រូវការពេលវេលានៅទីនេះដើម្បីសង្រ្គោះកូនៗ។

អដ្ឋិធាតុរបស់ Blyth ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាររបស់គាត់វិញ ដែលនិងត្រូវយកត្រឡប់ទៅស្កុតឡែនវិញ។ ដោយឡែកសាកសពរបស់នាង Victoria នៅតែស្ថិតក្នុងប្រទេសតួកគីដដែល។
ប៉ូលិសកំពុងបន្តការស៊ើបអង្កេតយ៉ាងក្រៅគគុកនៅក្នុងសំណុំរឿងឃាតកម្មឆ្លងដែនមួយនេះ។

អ្នកនាំពាក្យការិយាល័យការបរទេស Commonwealth បានប្រាប់អ្នកយកព័ត៌មាន The Sun ថា “យើងកំពុងជួយដល់គ្រួសាររបស់បុរសជនជាតិអង់គ្លេសម្នាក់ដែលបានស្លាប់នៅក្នុងប្រទេសតួកគី ហើយកំពុងទាក់ទងជាមួយអាជ្ញាធរនៅក្នុងតំបន់”។

អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋឆេកបានបន្ថែមថា៖ “ខ្ញុំអាចបញ្ជាក់បានថាមានពលរដ្ឋឆេកម្នាក់បានស្លាប់ដោយអំពើហិង្សានៅក្នុងប្រទេសតួកគី ។

“ស្ថានទូតរបស់យើងនៅទីក្រុងអង់ការ៉ាកំពុងទាក់ទងជាមួយគ្រួសាររបស់នាង ហើយកំពុងផ្តល់ជំនួយផ្នែកកុងស៊ុល។យើងកំពុងទាក់ទងជាមួយនឹងអ្នកដែលនៅរស់រានមានជីវិត ហើយយើងនឹងមិនផ្តល់ព័ត៌មានបន្ថែមទៀតនោះទេ’រង់ចាំការស៊ើបអង្កេតបានចប់សព្វគ្រប់៕