ដោយ៖ បន្ទាយ
សៀមរាប ៖ ព្រះមន្ត្រីសង្ឃខេត្ត ស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យ បាននិមន្តនិងអញ្ជើញប្រគល់នូវសម្ភារជូនដល់ក្រុមគ្រូពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ហៅគន្ធបុប្ផាទី៤ ក្នុងខេត្តសៀមរាប។
លោក យឹម សំណាង អភិបាលរងខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបានចូលរួមនិងដឹកនាំ ។
ក្រុមការងារឲ្យដឹងកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ថា គោលបំណងនៃការនាំអំណោយនេះដើម្បីឧបត្ថម្ភសម្ភារផ្សេងៗ ដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋដែលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សម្ភារដែលជាទេយ្យទានដែលពុទ្ធបរិស័ទប្រគេនព្រះសង្ឃពីវត្តនានាក្នុងខេត្តរួមមានកន្ទេលធំចំនួន៤៨ កន្ទេលតូចចំនួន២៤៥ ខ្នើយចំនួន ២០៧ ភួយចំនួន ១៨៤ សារុងចំនួន ២២ និងកន្សែងពោះគោចំនួន១០ ។
គ្រូពេទ្យនៅទីនោះអោយដឹងថា: ជាមន្ទីរពេទ្យកុមារមនុស្សធម៌ ដែលផ្តល់ការពិនិត្យ ព្យាបាលជំងឺកុមារនិងស្ត្រីមានផ្ទៃពោះកម្ពុជាដោយពុំគិតថ្លៃ ។
លោកគ្រូពេទ្យបានបន្តថា : ជារៀងរាល់ថ្ងៃមន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការមកដល់សព្វថ្ងៃនេះបានមកពីសប្បុរសជនក្នុងនិងក្រៅប្រទេស ពិសេសកន្លងមកពីប្រទេសស្វីស ។
ការចំណាយក្នុងមួយថ្ងៃៗរបស់មន្ទីរពេទ្យនេះសិបម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណោះ ហើយមន្ទីរពេទ្យគន្ធបុប្ផានៅតែរក្សាភាពដើម ការព្យាបាលជំងឺមិនយកកម្រៃនោះឡើយ។
លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដែលបានកៀរគរ ជាសម្ភារផ្សេងៗ មកប្រគល់ជូនដល់បងប្អូនដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះគឺសរបញ្ជាក់ឲ្យឃើញពីទឹកចិត្តទឹកប្រទ័យ ទាំងការយកចិត្តទុកដាក់ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ក្នុងគ្រាលំបាក ៕