ពន្ធដារ

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ៖ ការបញ្ជាទិញទំនិញរូបីពីក្រៅប្រទេសតាម Online មិនស្ថិតក្រោមវិសាលភាពនៃការអនុវត្តអាករលើតម្លៃបន្ថែមចំពោះ e-Commerce នោះទេ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា ការបញ្ជាទិញទំនិញរូបីពីក្រៅប្រទេស តាមមធ្យោបាយអេឡិចត្រូនិក (Online) ហើយទំនិញរូបីទាំងនោះត្រូវបានបញ្ជូនមកអ្នកបញ្ជាទិញដោយផ្ទាល់ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗនោះ មិនស្ថិតក្រោមវិសាលភាពនៃការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនោះទេ។ ឯកឧត្តមបណ្ឌិតអគ្គនាយករង លើកឡើងបែបនេះ ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមានការចូលរួមពីលោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ

អាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅព្រះរាជាណាចក្រកម្ពុជា មកព្រះរាជាណាចក្រកម្ពុជា និងចំពោះអ្នកជាប់ពន្ធនិវាសនជន ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាអាទិ៍មាន៖

-ការបញ្ជាទិញនិងការទាញយកទំនិញឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក

-ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

-ការទិញសូហ្វវែរ ហ្គេមអេឡិចត្រូនិក ជាដើម។

លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ

យន្តការក្នុងការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិកនេះ ចែកចេញជាពីរផ្នែកគឺ៖

១.អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូវនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូវនិក ចូលមកព្រះរាជាណាចក្រកម្ពុជា ដែលមានផលរបរប្រចាំឆ្នាំ ក្នុងកម្រិតចាប់ពី ២៥០លានរៀលឡើងទៅ ឬរំពឹងថា មានផលរបរក្នុងរយៈពេលបីខែជាប់គ្នាណាមួយ ដែលបានបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី ៦០លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានរួចរាល់ក្នុងអំឡុងពេល ៣០ថ្ងៃក្រោយផលរបរដល់កំណត់ត្រូវចុះបញ្ជី ដោយការចុះបញ្ជីនេះ ត្រូវបានអនុវត្តសម្រាប់តែគោលដៅអាករលើតម្លៃបន្ថែមតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ រដ្ឋបាលសារពើពន្ធមានសិទ្ធិចុះបញ្ជីអាករលើតម្លៃបន្ថែមជាឯកតោភាគីក្នុងករណីដែលអ្នកជាប់ពន្ធមិនមកចុះបញ្ជី ឬមិនបានមកចុះបញ្ជីតាមការអញ្ជើញរបស់រដ្ឋបាលសារពើពន្ធ ដោយផ្អែកលើព័ត៌មាននិងទិន្នន័យដែលរដ្ឋបាលសារពើពន្ធមាន។ បន្ទាប់ពីបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញរួចហើយ អ្នកជាប់ពន្ធនឹងក្លាយជាបុគ្គលជាប់អាករ និងមានកាតព្វកិច្ចកាត់ទុកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកព្រះរាជាណាចក្រកម្ពុជា ព្រមទាំងដាក់លិខិតប្រកាសនិងបង់ប្រាក់អាករជូនរដ្ឋបាលសារពើពន្ធ។

២.អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជនចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវគិតអាករលើតម្លៃបន្ថែមតាមវិធីគិតអាករជំនួស (Reverse Charge) ដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមជូនរដ្ឋបាលសារពើពន្ធ។ ប្រាក់អាករលើតម្លៃបន្ថែមដែលបានបង់តាមវិធីគិតអាករជំនួសនេះ ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូល៕