ប្រែសម្រួល៖ស-សម្បត្តិ
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកដែលជាមេដឹកនាំសម្ព័ន្ធមិត្តបានថ្លែងកាលពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងហៅថា (NATO) មានការព្រួយបារម្ភចំពោះការគាំទ្ររបស់រុស្ស៊ីដល់កម្មវិធីផលិតមីស៊ីលផ្លោង និងការស្ថាបនាមជ្ឈមណ្ឌលផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ខណៈពេលនេះដែរប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសកូរ៉េខាងជើងជាលើកដំបូងក្រោយរយៈពេល ២៤ ឆ្នាំ។
លោកពូទីនបានប្តេជ្ញាកាលពីថ្ងៃអង្គារថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខឲ្យកាន់តែស៊ីជម្រៅជាមួយនិងកូរ៉េខាងជើង និងគាំទ្រដល់ការប្រឆាំងរបស់កូរ៉េខាងជើងជាមួយនឹងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកវ្ល៉ាឌីមៀ ពូទីន ធ្វើឡើងនៅចំពេលមានការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកថា កូរ៉េខាងជើងបានផ្គត់ផ្គង់ “កាំជ្រួចផ្លោងរាប់សិបពាន់គ្រាប់ និងគ្រាប់មីនជាង ១១,០០០ កុងតឺន័រដល់រុស្ស៊ី” សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Jens Stoltenberg អគ្គលេខាធិការអង្គការNATO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន កំពុងត្រូវបានជំរុញដោយចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ ដែលពួកគេសុទ្ធតែចង់ឃើញសម្ព័ន្ធភាពលោកខាងលិចបរាជ័យ។
លោក Stoltenberg បាននិយាយថា “យើងពិតជាមានការព្រួយបារម្ភផងដែរអំពីការគាំទ្រដ៏មានសក្តានុពល ដែលរុស្ស៊ីផ្តល់ដល់ប្រទេសកូរ៉េខាងជើងដូចជាការផលិតមីស៊ីលផ្លោង និងការស្ថាបនាមជ្ឈមណ្ឌលផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង” ។
កាលពីសប្តាហ៍មុន អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kurt Campbell បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភចំពោះអ្វីដែលរុស្ស៊ីផ្តល់ឲ្យកូរ៉េខាងជើងជាថ្នូរនឹងអាវុធដែលទីក្រុងព្យុងយ៉ាងបានផ្តល់ឲ្យរុស្សី។
លោកបានមានប្រសាសន៍ថា “យើងមានការព្រួយបារម្ភអំពីរឿងនេះយ៉ាងខ្លាំង ហើយយើងកំពុងតាមដានស្ថានការណ៏ដោយប្រុងប្រយ័ត្នបំផុត។
មន្ត្រីជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាវុធរបស់អាមេរិក Bonnie Jenkins បានគូសបញ្ជាក់ថា គាត់ជឿថា កូរ៉េខាងជើងមានបំណងទិញយន្តហោះចម្បាំង កាំជ្រួចផ្លោងពីដីទៅអាកាស រថពាសដែក សម្ភារផលិតកាំជ្រួចផ្លោង ឬបច្ចេកវិទ្យាទំនើបៗផ្សេងទៀតពីប្រទេសរុស្ស៊ី។
Bonnie Jenkins បាននិយាយថាចិនបានជួយគាំទ្រដល់សេដ្ឋកិច្ចរុស្សីនៅក្នុងសង្រ្គាមដែលបានបង្ហាញពីការប្រឈមផ្នែកសន្តិសុខនៅអឺរ៉ុបនិងអាស៊ី ហើយករណីចម្បងមួយនេះត្រូវបានដាក់បញ្ចូលបន្ថែមនៅក្នុងប្រធានបទនៃកិច្ចប្រជុំកំពូលរបស់អង្គការNATOនៅខែក្រោយនៅទីក្រុងវ៉ាស៊ីនតោននឹងជំរុញឲ្យមានការពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូរបស់សម្ព័ន្ធមិត្តជាមួយអូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង និងជប៉ុនបន្ថែមទៀត។
លោក Stoltenberg បាននិយាយថាវាមាន “ផលវិបាក” មួយចំនួននៅក្នុងដំណាក់កាលខ្លះៗសម្រាប់កសាងទំនាក់ទំនងជាមួយនិងប្រទេសចិន។
លោកបាននិយាយថា “ពួកគេមិនអាចបន្តឲ្យមានទំនាក់ទំនងពាណិជ្ជកម្មដូចធម្មតាជាមួយបណ្តាប្រទេសនានានៅក្នុងទ្វីបអឺរ៉ុប ហើយនៅក្នុងពេលជាមួយគ្នានេះ ពួកគេក៏បានបញ្ឆេះសង្គ្រាមដ៏ធំមួយដូចដែលយើងបានឃើញនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ”។
លោក Stoltenberg បានគូសបញ្ជាក់ថា វាទំនងជាលឿនពេកសម្រាប់ការមើលឃើញអំពីផលវិបាកទាំងនោះ”តែវាគឺជាបញ្ហាដែលយើងត្រូវតែដោះស្រាយ ពីព្រោះថាបើយើងនៅតែបន្តធ្វើដូចសព្វថ្ងៃនេះគឺមិនទទទួលបានជោគជ័យទេ”។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង គឺជាសញ្ញានៃ “ភាពអស់សង្ឃឹម” របស់គាត់ ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេស ដែលអាចគាំទ្រសង្រ្គាមរបស់គាត់នៅអ៊ុយក្រែន។
លោក Blinken បានបន្ថែមថា ការគាំទ្ររបស់ចិនបានធ្វើឲ្យរុស្ស៊ីអាចរក្សាបាននូវឧស្សាហកម្មការពារជាតិរបស់ខ្លួន ដោយផ្គត់ផ្គង់ ៧០ ភាគរយនៃឧបករណ៍ប្រើប្រាស់នានាដែលម៉ូស្គូកំពុងនាំចូលពីចិន និង ៩០ ភាគរយនៃមីក្រូអេឡិចត្រូនិច។ លោកបានមានប្រសាសន៍ថា “ករណីទាំងនេះចិនត្រូវតែបញ្ឈប់៕
ប្រភព៖ Reuters/fs